​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ឧសភា បាន​ស្វាគមន៍​មេដឹកនាំ​អាស៊ីអាគ្នេយ៍​មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​សន្យា​គាំទ្រ​សម្រាប់​​ថាមពល​ស្អាត និង​សន្តិសុខ​ដែនសមុទ្រ​ក្នុងពេល​ប្រឈម​មុខ​នឹង​ប្រទេស​ចិន​ដែល​កំពុង​កើន​ឥទ្ធិពល​។​

​រដ្ឋបាល​លោកបៃ​ដិ​ន​បាន​ធ្វើ​ការសន្យា​បែបនេះ ខណៈ​ខ្លួន​បើក​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​បង្ហាញ​ថា​សហរដ្ឋ​អាម៉េរិក​នៅតែ​​ផ្តល់​អាទិភាព​ដល់​អាស៊ី ទោះបីជា​មាន​ការផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ជា​ច្រើន​ខែ​លើ​ការវាយលុក​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ក៏ដោយ​។​

​សេត​វិមាន​បាន​ប្រកាស​អំពី​គំនិត​ផ្តួចផ្តើម​ថ្មី​តម្លៃ​១៥០ លាន​ដុល្លារ ដែល​ជា​ចំនួន​តិចតួច​ធៀប​ជាមួយនឹង​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​និង​ជាមួយ​នឹង​ប្រាក់​រាប់​ពាន់​លាន​ដែល​បាន​​ចាក់​ចូលទៅក្នុង​តំបន់​ដោយ​ប្រទេស​ចិន ដែល​បាន​វ៉ា​ដាច់​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​។​

​ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​របស់​ខ្លួន ហើយ​ខ្លួន​គ្រោង​នឹង​បង្ហាញ​កញ្ចប់​ថវិកា​កាន់តែ​ទូលំទូលាយ ពោលគឺ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ពេល​ដែល​​លោកបៃ​ដិន​ធ្វើដំណើរ​នៅ​សប្តាហ៍​ក្រោយ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​និង​ទីក្រុង​សេ​អ៊ូ​ល​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ​បាន​ប្រាប់​វេទិកា​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-​អាស៊ាន មុន​ពេល​ក្រុម​មេដឹកនាំ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​សេត​វិមាន​ថា​”​ខ្ញុំ​សង្ឃឹមថា​កិច្ចប្រជុំ​នេះ​​អាច​កសាង​សន្ទុះ​សម្រាប់​ការវិលត្រឡប់​នៃ​វត្តមាន​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​តំបន់​”​។​

​សេត​វិមាន​បាន​និយាយថា ខ្លួន​នឹង​ផ្តល់ប្រាក់​ចំនួន ៦០ លាន​ដុល្លារ​ដល់​គំនិត​ផ្តួចផ្តើម​ដែនសមុទ្រ​ថ្មី​ដែល​នឹង​រួមបញ្ចូល​ការ​ដាក់​ពង្រាយ​នាវា​ឆ្មាំ​សមុទ្រ​មួយ​គ្រឿង​និង​ទាហាន​ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹង​ឧក្រិដ្ឋកម្ម​នៅលើ​សមុទ្រ​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​រួមបញ្ចូល​ការប្រឆាំង​ការនេសាទ​ខុសច្បាប់​និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។​

​សេត​វិមាន​បាន​និយាយថា​ខ្លួន​ក៏​នឹង​ចំណាយ ៤០ លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​ថាមពល​ស្អាត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​សេដ្ឋកិច្ច​ចម្រុះ​ផងដែរ​ហើយ​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើការ​ជា​​មួយ​វិស័យ​ឯកជន​ដើម្បី​កៀរគរ​ប្រាក់​រហូត​ដល់​ពីរពាន់​លាន​ដុល្លារ​។​

​គំនិត​ផ្តួចផ្តើម​មួយ​ផ្សេង​ទៀត ដែល​បាន​ចាប់ផ្តើម​នៅ​ពេល​លោកបៃ​ដិន​រៀបចំ​កិច្ចប្រជុំកំពូល​តាម​អន​ឡាញ​ស្តីពី​កូវី​ដដាច់ដោយឡែក​មួយ​គឺ​រួម​បញ្ចូល​គម្រោង​ដើម្បី​ធ្វើតេស្តិ៍​រក​ជំងឺ​ផ្លូវ​ដង្ហើមលេច​​ឡើង​ថ្មីៗ​នៅតាម​តំបន់​ទីក្រុង​នៃ​អាស៊ីអាគ្នេយ៍​តាមរយៈ​ការិយាល័យ​ថ្មី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អាម៉េរិក​នៅ​ទីក្រុង​ហាណូយ​៕

ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ឧសភា បាន​ស្វាគមន៍​មេដឹកនាំ​អាស៊ីអាគ្នេយ៍​មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន ដោយ​សន្យា​គាំទ្រ​សម្រាប់​ថាមពល​ស្អាត និង​សន្តិសុខ​ដែនសមុទ្រ​