ដោយៈសុផល/ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ« ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) »ពីនិយ័តករមូលបត្រកម្ពុជា។ការក្លាយជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះត្រូវបានអ្នកជំនាញរំពឹងថានឹងទាក់ទាញឱ្យមានអ្នកវិនិយោគគិន បរទេសធំៗចូលមកទីផ្សារមូលបត្រកម្ពុជាកាន់តែច្រើននិងជំរុញផ្សារមូលបត្រកាន់តែសកម្មឡើង។
នេះគឺជាលើកដំបូងហើយ ដែលនិយ័តករមូលបត្រកម្ពុជា អនុម័តផ្តល់វិញ្ញាបនបត្រនេះ ដើម្បីឱ្យធនាគារអេស៊ីលីដាដើរតួនាទីកាន់តែសកម្មជាងមុន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនធំៗនៅក្រៅប្រទេសឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់ទទួលវិញ្ញាបនបត្រ«ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ»នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា “ផ.ម.ក.” កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងឆ្នាំ២០២២នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ពីនិយ័តករមូលបត្រកម្ពុជា “ន.ម.ក.” ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
លោកបណ្ឌិតបានបន្តថា៖ផ្សារមូលបត្រ ជាសូចនាករមួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ វិស័យមូលបត្រនៅកម្ពុជាបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាចលករមួយដ៏មានសារៈសំខាន់នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្តល់នូវសេវាកម្មនេះ។ ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារ អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជូនវិនិយោគិន និងសាធារណជន។ មុខងារចម្បងៗនៃសេវាកម្មនេះ រួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។
លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា៖« ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម»។
លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ៖ស័ក្តិសមដូចកេរ្តិ៍ឈ្មោះប្រសិទ្ធនាម ដោយមហាជនថា ជា “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់ខ្ជាប់នូវ តម្លាភាព គោលការណ៍សីលធម៌វិជ្ជាជីវៈ អភិបាលកិច្ចល្អ គោរពច្បាប់ សង្គម និងបរិស្ថាន ។ល។ ធនាគារ អេស៊ីលីដា បានបំពាក់នូវបច្ចេកវិទ្យាឌីជីថលខ្ពស់ ដែលមានគុណភាព និងទំនើបទាន់សម័យ សម្រាប់គាំទ្រសេវាកម្មនេះ ព្រមទាំងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការផ្តល់សេវាកម្មទាំងនេះ ដោយប្រកាន់ខ្ជាប់នូវ បទប្បញ្ញត្តិ តម្លាភាព និងក្រមសីលធម៌។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា៖លោកចាត់ទុកការក្លាយជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) របស់ធនាគារ អេស៊ីលីដា ពេលនេះ ជាការបើកទំព័រសករាជ្យថ្មីសម្រាប់ទីផ្សារមូលបត្រកម្ពុជា។ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាអ្នកថែរក្សានូវមូលបត្រ ទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ ។ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺជាសេវាសំខាន់មួយដែលវិនិយោគិនបរទេសធំៗ ដែលចង់វិនិយោគក្នុងវិស័យមូលបត្រ កំពុងត្រូវការ ដើម្បីឱ្យភ្នាក់ងារនេះធ្វើការងារមួយចំនួននៅក្នុងវិស័យមូលបត្រជំនួសឱ្យពួកគេ។
លោកឱ្យបានឱ្យដឹងថា សម្រាប់លក្ខខណ្ឌដែលទទួលបានវិញ្ញាបនបត្រនេះ គឺត្រូវតែជាស្ថាប័នធនាគារប៉ុណ្ណោះ ហើយលោកស្វាគមន៍ធនាគារផ្សេងៗទៀត មកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រនេះភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះ។
លោកបានគូសបញ្ជាក់ថា៖ «យើងទុកចិត្តទាំងស្រុងថា តាមរយៈការផ្តល់ការអនុម័តជូនធនាគារអេស៊ីលីដានូវវិញ្ញាបនបត្រភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ នឹងជំរុញនូវភាពទាក់ទាញវិនិយោគិនធំៗដែលគាត់ចាប់អារម្មណ៍ចង់សាកល្បងធ្វើពិពិធកម្មការនិយោគមួយចំណែកមកប្រទេសកម្ពុជា។ វិនិយោគិនជប៉ុន គឺជាអ្នកដែលត្រូវការភ្នាក់ងារនេះ ព្រោះវិនិយោគិនជប៉ុនតែងតែសួរថា កម្ពុជាមានសេវាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រហើយឬនៅ? បើមានគាត់នឹងចាប់អារម្មណ៍ច្រើនទាក់ទងនឹងវិស័យមូលបត្រ ជាពិសេសមូលបត្របំណុល»។
បើតាមលោក ស៊ូ សុជាតិ នៅដើមឆ្នាំ២០២២នេះ ទីផ្សារមូលបត្រកម្ពុជាមានភាពមមាញឹកខ្លាំងដោយសារតែហ៊ុនរបស់ធនាគារ អេស៊ីលីដា ដោយក្នុង១ថ្ងៃមានការជួញដូរចំនួនជាង ១លានដុល្លារហើយ ៨០ភាគរយជារបស់ធនាគារ អេស៊ីលីដា។ដោយមើលឃើញការចាប់ផ្តើមដ៏ល្អនេះហើយ ទើបបានជានិយ័តករមូលបត្រកម្ពុជា សម្រេចផ្តល់វិញ្ញាបនបត្រជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) ជូនធនាគារ អេស៊ីលីដា។
បើតាមលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការជួញដូរហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជាបានកើនឡើងជាង១លានដុល្លារក្នុង១ថ្ងៃ ហើយមូលបត្រកម្ពុជាបានរំពឹងថា នៅរយៈពេល៦ទៅ៧ឆ្នាំទៀតនឹងកើនឡើង៥០លានដុល្លារក្នុង១ថ្ងៃ ហើយចំនួនអ្នកវិនិយោគគិនអាចកើនឡើង១០ម៉ឺនគណនី។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជន ប្រមាណជាង ៣,៤៤ លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ នេះ៕Ph