ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរស​ដែល​វាយ​ប្រពន្ធ រហូតដល់​រលូត​កូន​ស្លាប់ ហើយ​រត់គេច ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច តាម​ចាប់ខ្លួនបាន​ហើយ នៅលើ​រថយន្តក្រុង តាមផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ វេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២២​។​

​លោក​វរសេនីយ៍ទោ អ៊ួ​ង វុទ្ធី អធិការនគរបាល ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថាៈ ក្រោម​កិច្ចសហការ ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​នគរបាល ស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ ជនសង្ស័យ​រូបនេះ ត្រូវបាន​រកឃើញ និង​បាន​ឃាត់ខ្លួន នៅលើ​រថយន្តក្រុង តាមផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ វេលា​ម៉ោង ជាង ៥ ល្ងាច​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២២ ខណៈ​ជនសង្ស័យ កំពុង​ជិះ​រថយន្តក្រុង គេចខ្លួន​ទៅ​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថាៈ ជនសង្ស័យ ឈ្មោះ យ៉ែម ចិន្តា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករ​ដុត​ធ្យូង មាន​ទីលំនៅ ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានធ្វើ​សកម្ម ភាព វាយ​ទៅលើ ជនរងគ្រោះ ត្រូវជា​ប្រពន្ធ របស់ខ្លួន ឈ្មោះ វុន វ៉ាន់ អាយុ ៣៦ ឆ្នាំ កាលពី​ល្ងាច ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រលូត​កូន​ក្នុង​ផ្ទៃ និង​ក្រោយមក បាន​ស្លាប់ នៅ​មន្ទីរពេទ្យ នា រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ។ បច្ចុប្បន្ន ជនសង្ស័យ បាន​នាំមក​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ចាត់ការ​បន្ត តាម​នីតិ វិធី​ច្បាប់​។​

​អ្វីដែល​សោកសង្រេង​នោះ គឺ​គ្រួសារ​នេះ នៅមាន​កូនតូច នៅក្នុង​ផ្ទះ​ចំនួន ៥ នាក់​ទៀត អាយុ​ពី ១៥ ឆ្នាំ​ចុះក្រោម (​ប្រុស​៣​នាក់ ស្រី​២​នាក់​) ក្លាយទៅជា កូនកំព្រា នឹង​ជួប​ការលំបាក ដោយសារតែ​ម្តាយ បាន​ស្លាប់ ហើយ​ឪពុក ក៏ត្រូវ​ជាប់ទោស​ទ័​ណ្ឌ ៕/V​-PC