ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ តុលាការ បានសម្រេច​ឃុំខ្លួន ប្រធាន​ក្រុមហ៊ុន ACCI (​អេ​ស៊ី​ស៊ី​អាយ​) ដាក់ពន្ធនាគារ រាជធានី​ភ្នំពេញ (PJ) និង​ដាក់​ឲ្យ​ស្ថិតនៅ ក្រោម​ការត្រួតពិនិត្យ ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង ឆ្នាំ​២០២១ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ កម្ពុជា​។ ការសម្រេច​ឃុំខ្លួន​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ដោយ​ចៅក្រម​ស៊ើបសួរ ញឹម ពិសាល​។​

​ប្រធាន​ក្រុមហ៊ុន ACCI (​អេ​ស៊ី​ស៊ី​អាយ​) ដែល​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ រាជធានី​ភ្នំពេញ (PJ) មានឈ្មោះ វ៉ាង ជី​ង​កាង (Wnang Zhigang) ជា​ជន​ជាតិចិន​។​

​សូមជម្រាបថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាប់​លោក វ៉ាង ជី​ង​កាង ប្រធាន​ក្រុមហ៊ុន ACCI (​អេ​ស៊ី​ស៊ី​អាយ​) ពាក់ព័ន្ធ​ករណី​ក្លែង​ឋានៈ តំណាង​ឲ្យ​ក្រុមហ៊ុន វិនិយោគ​មួយ នៅ​ខេត្តកំពត បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ចាត់ វិធានការ តាមច្បាប់​។​

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក វង យ៉ាន​អ៊ី ប្រធាន​ក្រុមហ៊ុន Today Bokor Development បានដាក់​ពាក្យបណ្តឹង ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២២​។ លុះ​រហូតមកដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ ត្រូវបាន​កម្លាំង ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​តែម្តង​។​

​ប្រភព​បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ វ៉ាង ជី​ង​កាង (Wnang Zhigang) បាន​ក្លែង​ឋានៈ​ជា ប្រធាន​ក្រុមហ៊ុន Today Bokor Develobment Co., Lld . ហើយ​បានធ្វើ​លិខិត​ប្រគល់​សិទ្ធិ ទៅ​ឲ្យ​បុគ្គល​ម្នាក់ទៀត កាលពី​ខែសីហា ឆ្នាំ​២០២១ ដើម្បី​ឲ្យ​ការពារ​ដី​ក្រុមហ៊ុន​។

​បន្ទាប់ពី​បែកការណ៍ និង​រឿងនេះ ដឹង​ដល់ ឈ្មោះ វង យ៉ាន​អ៊ី ប្រធាន​ក្រុមហ៊ុន Today Bokor Development ក៏បាន​ប្តឹងទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់វិធានការ តាមផ្លូវ​ច្បាប់​៕/V​-PC

លោក វង យ៉ានអ៊ី ដើមបណ្តឹង
លោកវ៉ាង ជីងកាង ពេលបញ្ជូន ទៅតុលាការ