ដោយ​: ពៅ​និមល / ភ្នំពេញៈ ស្ថិតនៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​ទឹកដី​សហរដ្ឋ អាមេរិក លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក Muhammad Lutfi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ ដើម្បី​ត្រៀម​ចូលរួម កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨ ខែឧសភា ខាងមុខនេះ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថាៈ ជា​កិច្ច​ចាប់ផ្តើម នៃ​ជំនួប​នោះ លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ចំពោះ លោក Muhammad Lutfi ក៏ដូចជា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដែល​តែងតែ​គាំទ្រ​កម្ពុជា ក្នុងពេល​កន្លងមក និង​ជាពិសេស នៅពេល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ភាគី​ទាំងពីរ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់ អំពី​វឌ្ឍនភាព សេដ្ឋកិច្ច -​ពាណិជ្ជកម្ម ទាំង​ក្នុង​តំបន់ និង​សកល ព្រមទាំង​បាន ពិភាក្សា លើ​ប្រធានបទ​មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ត្រៀម សម្រាប់​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ខាងមុខ ដែល​កិច្ចប្រជុំ ទាំងនោះ ផ្តោត​សំខាន់​លើ​ម​ជ្ឈ​ភាព​អាស៊ាន ការធ្វើឱ្យ​ស៊ីជម្រៅ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ តំបន់ ការប្រែប្រួល​នៃ ភូមិសាស្ត្រ​នយោបាយ និង​ផលប៉ះពាល់ ដល់​សេដ្ឋកិច្ច តំបន់​-​សកល ព្រមទាំង​សេដ្ឋកិច្ច​បៃតង​ជាដើម​។​

​ជាមួយគ្នានេះ ភាគី​ឥណ្ឌូនេស៊ី ក៏បាន​អញ្ជើញលោក​រដ្ឋមន្ត្រី ក្នុងនាម​ជា ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ក្រុម​ប្រទេស G20 ដែល​ប្រទេស​ឥណ្ឌូ នេ​ស៊ី ជា​ប្រធាន រួមមាន កិច្ចប្រជុំ ក្រុមការងារ ពាណិជ្ជកម្ម​-​វិនិយោគ និង​ឧស្សាហកម្ម និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ នៅ​ខែកញ្ញា ខាងមុខ នៅ​ប្រទេស ឥណ្ឌូនេស៊ី​។​

​នៅ​កិច្ចបញ្ចប់ លោក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ បានបញ្ជាក់​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា នៅក្នុង​តំបន់​អាស៊ាន ទាំងមូល​៕/V​-PC