​ប្រែ​សម្រួលៈ​បំណង​(ST)៖ អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បំផ្លាញ​នាវា​ភស្តុភា​រុស្ស៊ី​មួយ​នៅ​ក្បែរ​កោះពស់​( Snake Island) ជា​កោះ​តូច​តែ​ជាទី​តាំង​យុទ្ធសាស្ត្រ​ជួរ​មុខ​មួយ​នៅក្នុង​សមុទ្រ​ខ្មៅ នៅ​​ពេល​សាច់ញាតិ​របស់​ទាហាន​អ៊ុយ​ក្រែន​ដែល​ជាប់​ក្នុង​រោងចក្រ​ដែក​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​សុំ​អង្វរ​អោយ​សង្គ្រោះ​ពួកគេ​។​

​ការប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​ជុំវិញ​កោះពស់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​ក្លាយជា​សមរភូមិ​មួយ​ដើម្បី​គ្រប់គ្រង​ឆ្នេរសមុទ្រ​ខ្មៅ​ភាគ​ខាងលិច នៅពេល​កងកម្លាំង​រុស្ស៊ី​កំពុង​តស៊ូ​រុលចូល​ភាគ​ខាងជើង​និង​ខាងកើត​​អ៊ុ​យក្រែន​។​

​សឺ​ហ៊ី​វ ប្រា​ត​ជុ​ក (Serhiy Bratchuk) អ្នកនាំពាក្យ​យោធា​តំបន់​អូ​ដេសា បាន​និយាយថា « ដោយសារ​សកម្មភាពរ​បស់​ទាហានជើងទឹករ​បស់​យើង នាវា​គាំទ្រ វី​សេ​វ៉ូ​ឡូដ បូ​ប្រូវ​(Vsevolod Bobrov)​បាន​ឆេះ​។ វា​ជា​ការខូចខាត​ចុងក្រោយ​មួយ​នៅក្នុង​កង​នាវា​រុស្ស៊ី​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​បាន​ទេ នៅពេល​ក្រសួងការពារជាតិ​រុស្ស៊ី​ក៏​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន​។​

​រូបភាព​ផ្កាយរណប​របស់​ក្រុមហ៊ុន​អាម៉េរិក​Maxar​បានបង្ហាញ​អ្វី​ទំនង​ជា​ការវាយប្រហារ​ដោយ​កាំជ្រួច​លើ​នាវា​រុស្ស៊ី​មួយ​នៅក្បែរ​កោះពស់​ជាប់​នឹង​ព្រំដែន​សមុទ្រ​រ៉ូ​ម៉ានី​។​វា​ក៏​បង្ហាញ​ការចូខា​ត​អាគារ​បណ្តាល​​មកពី​ការវាយប្រហារ​កាលពី​ពេល​ថ្មីៗ​។​

​នៅ​ទីក្រុង​គៀវ ប្រពន្ធ​កូន​របស់​ពួក​យុទ្ធជន​ដែល​សម្ងំ​លាក់ខ្លួន​ក្នុង​រូង​ក្រោម​ដី​នៃ​រោងចក្រ​ដែក​ដ៏​ធំ​អា​ហ្សូ​វស្តា​ល់​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​បាន​នាំគ្នា​ដើរ​ដង្ហែ​និង​ស្រែក​សុំ​អោយ​ជួយ​សង្គ្រោះ​មនុស្ស​ជា​ទីស្រឡាញ់​​របស់គេ​។​

​សូមបញ្ជាក់​ថា​កងកម្លាំង​រុស្ស៊ី​បន្ត​បាញ់​ផ្លោង​ដាក់​រោងចក្រ​នេះ​ក្រោយ​ផ្អាក​ការប្រយុទ្ធ​ដើម្បី​អនុញ្ញាត​អោយ​ជម្លៀស​ជន​ស៊ីវិល​ចេញ​អស់​បី​បួន​ថ្ងៃ​កាលពីដើម​ខែ​។​យុទ្ធជន​អ៊ុយ​ក្រែន​បាន​ស្ថិតក្រោម​ការឡោមព័ទ្ធរ​បស់​ទាហាន​រុស្ស៊ី​អស់​ពេល​ជាង​ពី​ខែ​មក​ហើយ ដោយ​មិន​ព្រម​សារភាព​ចុះចាញ់​តាម​ការទាមទារ​របស់​រុស្ស៊ី​ឡើយ​៕

រូបភាពផ្កាយរណបបង្ហាញរោងចក្រដែកអាហ្សូវស្តាល់ឆេះខ្លោចដោយការបាញ់ផ្លោងរបស់រុស្ស៊ីអស់រាប់សប្តាហ៍មកហើយ