ភ្នំពេញថ្ងៃទី ១២ ឧសភា ២០២២ – ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធ​ដាក់ឲ្យដំណើរការ​នូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជា​ផ្នែកមួយ​នៃកិច្ច​សហប្រតិបត្តិការ​របស់ខ្លួនជាមួយនឹង​ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ ២០២១-២០២៥ ។

ថ្លែងនៅក្នុងពិធីសម្ពោធ​នោះ លោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គ​នាយក​ក្រុមហ៊ុន​វៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា ការ​បង្កើតឡើងនូវ​មជ្ឈមណ្ឌលអប់រំឌីជីថល​នេះឡើង ជាតឹកតាង​បង្ហាញឲ្យឃើញពីការ​ប្ដេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​មិត្តហ្វូន ក្នុងការ​ចូលរួមចំណែក​ដល់​ដំណើរឌីជីថលនីយកម្ម​នៃប្រព័ន្ធអប់រំរបស់កម្ពុជា។


លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្នុងរយៈកាលពីរឆ្នាំមកនេះ យើង​បាន​សម្រេច​នូវ​សមិទ្ធផល និង​លទ្ធផលប្រកបដោយជោគជ័យ​នៅក្នុងការ​សាក​ល្បង​ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន (SIS) ហើយការ​បង្កើត​នូវ​មជ្ឈមណ្ឌលអប់រំនេះឡើង បង្ហាញ​ឲ្យឃើញពីការ​ប្ដេច្ញាចិត្ត​របស់មិត្តហ្វូន​ក្នុងការធ្វើទំនើបកម្ម និង​អភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ក៏ដូចជា​សមត្ថភាពគ្រូបង្រៀន ដែលជាលទ្ធផល​នឹងជួយបង្កើនចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស” ។

មជ្ឈមណ្ឌលអប់រំឌីជីថល​នឹង​ដើរតួនាទីជា​បណ្ដុំ​មួយ​សម្រាប់​សម្រប​សម្រួល​នូវ​​ប្រព័ន្ធព័ត៌មាន​វិទ្យាគ្រប់គ្រង​សាលារៀន (SIS) ដែលត្រូវបានដាក់ឲ្យដំណើរការ​នៅតាមសាលារៀន ​ចំនួន ៣០០ ទីតាំង ទូទាំង ២៥ ខេត្តក្រុង ចាប់តាំងពីឆ្នាំ ២០២០ មក ក្រោមការ​សហការជាមួយនឹង​ក្រសួងអប់រំ ។ តាមរយៈ គម្រោងប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រងសាលារៀននេះ (SIS) គេបានបង្កើត​នូវមូលដ្ឋានទិន្នន័យឌីជីថល​សម្រាប់សិស្សានុសិស្ស​ចំនួន ប្រមាណ ៣១ ម៉ឺននាក់ ហើយគ្រូបង្រៀនប្រមាណ ១៥.៦០០ នាក់​ បានទទួលការ​បណ្ដុះបណ្ដាលពីរបៀប​ប្រើប្រាស់​ប្រព័ន្ធនេះ នៅក្នុងការ​គ្រប់គ្រង​ការងារ​បង្រៀនរបស់ខ្លួន ។

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន (SIS) អនុញ្ញាត​ឲ្យ​លោកគ្រូ អ្នកគ្រូ ​ ពិនិត្យ និង​បញ្ចូលព័ត៌មានវត្តមាន ការ​សុំច្បាប់ និងពិន្ទុ​របស់​សិស្ស ទៅតាម​កញ្ចប់ឯកសារប្រវត្តិរូប​អេឡិចត្រូនិច​របស់ខ្លួន ការ​គ្រប់គ្រងកាលវិភាគ និងថ្នាក់រៀន ការពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ប្រវត្តិរូប​ និងជាងនេះទៅទៀត គឺការ​ផ្ញើ និងទទួលដំណឹងរវាង​សិស្សានុសិស្ស និងឪពុកម្ដាយ ឬនិងអាណាព្យាបាលរបស់គេ។

សិស្សានុសិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល​ ក៏អាចពិនិត្យមើលអវត្តមាន កាលវិភាគ ព័ត៌មានអំពី​ការ​បង់ប្រាក់ និង​កាលបរិច្ឆេទ នៃការ​ប្រលងផងដែរ ។ ឪពុកម្ដាយ​ ឬអាណាព្យាបាល​ក៏អាច​ពិនិត្យមើលប្រវត្តិរូបរបស់កូនពេលណា​ក៏បាន ហើយទទួលបានការជូនដំណឹងពីលោកគ្រូ​អ្នកគ្រូ និង​ផ្ញើ​រាល់លក្ខខណ្ឌផ្សេងៗទៅសាលារៀនវិញ ។ រាល់សកម្មភាពទាំងអស់នេះ ត្រូវធ្វើឡើងតាម​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ​បានដោយងាយ ។

តាមរយៈគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន SIS នេះ មិត្តហ្វូន ក៏បានផ្ដល់​សេវា​អ៊ិនធឹណិត សម្រាប់សាលារៀនចំនួន ១ ពាន់កន្លែង និង​បាន​កសាង​ប្រព័ន្ធរបាយការណ៍តាមអនឡាញ រវាង​មន្ទីរអប់រំ នៅតាមបណ្ដា ២៥ ខេត្តក្រុង ។

ជាលទ្ធផល​ដែលបានមកពីគម្រោងនេះ មិត្តហ្វូនបានឈ្នះពានរង្វាន់មេដាយមាស និង​ប្រាក់ ពីស្ថាប័ន​លំដាប់ពិភព​លោក​ Globee Awards សម្រាប់ផ្នែក “Best IT Solution for Business of the Year”។

ជាការ​ប្ដេជ្ញាចិត្ត​រយៈពេលប្រាំឆ្នាំ​ចំពោះក្រសួងអប់រំ ក្រុមហ៊ុន​មិត្តហ្វូន នៅ​ឆ្នាំ ២០២៥ នឹង​បានដាក់ឲ្យដំណើរការ​នូវប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់សាលារៀនចំនួន ៣ ពាន់​ទីតាំង ដោយ​បង្កើត​បាននូវមូលដ្ឋានទិន្នន័យ​ឌីជីថល​សម្រាប់សិស្សានុសិស្ស​ ២ លាននាក់ ហើយ​​លោក​គ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឹននាក់ នឹង​បានទទួលការ​បណ្ដុះបណ្ដាល​ក្នុងការ​ប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) នេះ​៕