​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាម៉េរិក​នៅ​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ពិត​ជាមាន​សារៈសំខាន់​ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន ហើយ​កិច្ចប្រជុំ​នេះ គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​អាស៊ាន​ចាំបាច់​ត្រូវយក​ឱកាស​នេះ បង្ហាញ​នូវ​ជំហរ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​នៃ​មហា​យក្ស​ទាំងអស់​។

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាម៉េរិក​នៅ​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ពិត​ជាមាន​សារៈសំខាន់​ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​។ ពីព្រោះ​កន្លងមក​សហរដ្ឋ​អាម៉េរិក​ក្រោម​រដ្ឋបាល​របស់លោក​ដូ​ណា​ត្រាំ ហាក់ដូចជា​មានការ​ព្រងើយ​កន្តើយ​ចំពោះ​អាស៊ាន ហាក់ដូចជា​រុញ​អាស៊ាន​ឲ្យ​ធ្លាក់​អំពី​ទ្រូង​សហរដ្ឋ​អាម៉េរិក​។ ហើយ​អាស៊ាន​ហាក់ដូចជា​ស្ថិតក្រោម​ការ​ត្រកង​បីយ៉ាង​ថ្នាក់ថ្នម​ពី​មហា​យក្ស​ចិន​។ ហើយ​យើង​ឃើញថា​ជា​ទស្សនវិស័យ​របស់រ​ដ្ឋ​បាល​របស់លោក ចូ បៃ​ដិ​ន គឺ​ហាក់បីដូចជា​ធ្វើ​ឲ្យ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក និង​អាស៊ាន​វិល​មករក​ភាព​ផ្អែមល្ហែម និង​មាន​លក្ខណៈ​រស់​រវើក​។​

​លោក គិ​ន ភា បាន​បន្តថា នៅក្នុង​ដំណាល់​កាល​នេះ ដែលជា​ដំណាក់កាល​ដ៏​មាន​សារៈសំខាន់​ដែល​សហរដ្ឋ​អាម៉េរិក​កំពុងតែ​អន្ទង​ចង់បាន​ការគាំទ្រ ការចូលរួម​ពី​សំណាក់​អាស៊ាន​នៅក្នុង​គំនិត​ផ្ទួ​ច​ផ្តើម​របស់ខ្លួន​ជាច្រើន​ជុំវិញ​បញ្ហា​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន គឺ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​ចង់​ឲ្យ​មានការ​ចូលរួម​របស់​អាស៊ាន​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី នេះ​គឺជា​ល្បែង​ឧបសគ្គ​នយោបាយ​ដែល​កំពុងតែ​ក្តៅគគុក ហើយ​ក្តៅ​សម្រាប់​អាស៊ាន​ផងដែរ​។ ពីព្រោះ​ក្រៅតែពី​រឿង​ក្តៅ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន គឺ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺ​ក៏​ក្តៅ​ផងដែរ​ជុំវិញ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក ដែល​អាស៊ាន​គឺមាន​ការលំបាក​នៅក្នុង​ការ​នៅ​កណ្តាល​នៃ​មហា​យក្ស​ពិភពលោក​ទាំងពីរ​។

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុ​បាន​បញ្ជាក់ថា ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​និង​សហរដ្ឋ​អាម៉េរិក ជាការ​ចង់បាន​របស់​អាស៊ាន​ក៏​ប្រាថ្នា​ចង់បាន​ឲ្យ​ភាពជា​ដៃគូរ​របស់​អាស៊ាន​ជាមួយ​សហរដ្ឋ​អាម៉េរិក គឺមាន​ការរីកចំរើន​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ដែល​គោរព​នៅ​គៅ​ល​ការណ៍ និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ ហើយ​អាស៊ាន​ចង់​រក្សា​នៅ​តុល្យភាព​នៃ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក ជាមួយ​មហា​យក្ស​ចិន ក៏ដូចជា​សហព័ន្ធរុស្ស៊ី ព្រមទាំង​ជាមួយ​ប្រទេស​មហាអំណាច អង្គការ​តំបន់ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត នេះ​គឺជា​អ្វីមួយ​ដែល​អាស៊ាន​កំពុងតែ​យកចិត្តទុកដាក់​។ ភាគី​អាស៊ាន គោលការណ៍​អាស៊ាន ម​ជ្ឈ​ភាព​អាស៊ាន សាមគ្គីភាព​អាស៊ាន គឺជា​ចំណុច​គន្លឹះ​ដែល​ធ្វើ​ឲ្យ​អាស៊ាន​មាន​ភាពរឹងមាំ ប្រឈមមុខ​ទៅ​និង​និន្នាការ​នៃ​ការប្រកួតប្រជែង​អំណាច និង​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ពិភពលោក ដែល​យើង​ស្ទើរតែ​មើលឃើញ​អំពី​វត្តមាន​ជាថ្មី​នៃ​សង្គ្រាមត្រជាក់​នៅក្នុង​ពិភពលោក​។

លោក គិ​ន ភា បានបញ្ជាក់​ទៀតថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​និង​សហរដ្ឋ​អាម៉េរិក គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​អាស៊ាន​ចាំបាច់​ត្រូវយក​ឱកាស​នេះ បង្ហាញ​នូវ​ជំ​ហារ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​នៃ​មហា​យក្ស​ទាំងអស់នេះ (​ទិដ្ឋភាព​ទី​១)​។ ទិដ្ឋភាព​ទី​២. ពាក់ព័ន្ធ​ជាមួយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋ​អាម៉េរិក គឺជា​ទំនាក់ទំនង​ដែល​ចាំបាច់​ត្រូវ​ស្តារ ត្រូវ​ជួសជុល​ឡើងវិញ ពីព្រោះ​ឃើញថា ប្រទេស​ទាំងពីរ​ហាក់ដូច​ជា​នៅមាន​ភាពមិន​ទាន់​យល់​គ្នា​មួយចំនួន ដែល​ចាំបាច់​ត្រូវធ្វើ​ឲ្យ​មាន​ភាព​ឡើងវិញ​។ ហើយ​ជា​សុ​ឆន្ទៈ​របស់​កម្ពុជា និង​ជា​គោលបំណង​របស់​កម្ពុជា គឺ​ចង់​មាន​ទំនាក់ទំនង​ល្អស៊ី​ជម្រៅ​ជាមួយ​សហរដ្ឋអាមេរិក ដូចនឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ចិន និង​ជាមួយ​ប្រទេស​ផ្សេងទៀត​ផងដែរ​។ ក៏ប៉ុន្តែ​ធម្មតា​ទំនាក់ទំនង​អន្តរ​រដ្ឋ​ចាំបាច់​ត្រូវតែមាន​ចរន្ត​ទ្វេ​ទិស បានន័យថា ទាំង​សហរដ្ឋ​អាម៉េរិក ទាំង​កម្ពុជា ត្រូវតែ​បាន​សុ​ឆន្ទៈ​ដូចគ្នា​នៅ​ការលើកកម្ពស់​នៅ​កម្រិត​ទំនាក់ទំនង​របស់ខ្លួន​ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​រីកដុះដាល អាច​រឹងមាំ អាច​ចាក់គ្រឹះ​ជ្រៅ​ទៅបាន​។ និន្នាការ​ថ្មីៗ​ចុងក្រោយ​នេះ ឃើញថា ប្រទេស​ទាំងពីរ​ហាក់ដូច​ជាមាន​ចំណុច​របត់​របស់ខ្លួន​នៅក្នុង​ទំនាក់ទំនង​របស់ខ្លួន​ហាក់ដូចជា​មានបំណង​ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាពប្រសើរឡើង​ដែរ​។ ហើយ​ឃើញ​មាន​ទិដ្ឋភាព​និង​វិស័យ​ច្រើន នៃ​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន ដោយ​ទុក​បញ្ហា​ដែល​មិន​យល់​គ្នា​មួយចំនួន​ទុក​មួយអន្លើ​សិន ហើយ​ព្យាយាម​ធ្វើការ​ទៅលើ​បញ្ហា​ទាំងឡាយណា​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​។ ឧ​ទា​រហ​រណ៍​ដូចជាៈ វិស័យ​អប់រំ បរិស្ថាន ធនធានទឹក ធន​ធនា​ធម្មជាតិ និង​បច្ចេកវិទ្យា ឧស្សាហកម្ម បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាដើម គឺ​សុទ្ធសឹង​ជា​បញ្ហា​ដែលជា​ចំណ​ណុ​ច​រួម​រវាង​ប្រទេស​ទាំងពីរ​ដែល​អាចធ្វើ​កា​រ​ជាមួយគ្នា​បាន​។ ជាពិសេស​ការប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ គឺ​សុទ្ធតែជា​ចំណុច​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា​បាន ដោយ​គោរព​នូវ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក គោរព​អធិបតេយ្យ និ​ងេ​ក​រាជ្យ ហើយ​ជាពិសេស​គឺ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក ដោយ​អនុលោម​ទៅតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។ ហើយ​ត្រូវតែ​ធ្វើការ​ជាមួយគ្នា ដោះស្រាយ​បញ្ហា​ទាំងអស់គ្នា ក្រោម​គោលការណ៍ នៃ​ពហុ​ភា​កី​និយម​៕​