ដោយ​: កាំ​ពី / ក្រចេះ​: កម្លាំង​នគរបាល​ក្រុង​ក្រចេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​បីនាក់ និង​វត្ថុតាង ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចំនួន ១៦ កញ្ចប់ នៅ​ចំណុច​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ។​

​លោក អេង ហឿន អធិការនគរបាល​ក្រុង​ក្រចេះ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា តាម​ទូរស័ព្ទ នៅ​ព្រឹក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២២​នេះ​ថាៈ កម្លាំង​នគរបាល បាន​ចុះបង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​មួយ​នាក់ ឈ្មោះ ស៊ុន ស៊ឹង ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ដោយ​ដកហូត​វត្ថុតាង បាន​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​មួយកញ្ចប់ សង្ស័យ​គ្រឿងញៀន​។​

​លោក​បាន​បញ្ជាក់ថាៈ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ នៅ​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ក្រុង​ក្រចេះ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​ពីរ​នាក់​បន្ថែមទៀត នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ តេង វ​ឌ្ឍ​នះ ហៅ​អូន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិត​, ​ទី​២ ឈ្មោះ ឈឹម ប៊ុន​ថុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អ្នក​ទាំងពីរ រស់នៅ ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​។ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង រួមមានៈ ម្សៅ​ក្រាម​ពណ៌​ស ចំនួន ១៥ កញ្ចប់ សង្ស័យ​គ្រឿងញៀនទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​១ , ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​, ទូរស័ព្ទ​ចំនួន​២ និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

​សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​បីនាក់ គឺធ្វើឡើង​តាម​ការចង្អុលបង្ហាញ និង​ដឹកនាំ​បញ្ជា​ពី លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​គណបញ្ជាការ ឯកភាព​ក្រុង​ក្រចេះ ដោយមាន​ការសម្របសម្រួល​ពី លោក គី ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ។ ប​ច្ច​ប្បន្ន ជនសង្ស័យ​ទាំង បីនាក់ និង​វត្ថុតាង ត្រូវបាន​ឃាត់ និង​រក្សាទុក ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ក្រចេះ ។​

​លោក​បាន​បន្ថែមទៀតថាៈ នៅ​រសៀល​ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​របស់លោក កំពុង​រៀបចំ សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ទៅកាន់​ការិយាល័យ គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត តាម​នីតិវិធី​ច្បាប់​៕/V​