ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ អ្នកភូមិ បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ អណ្តែត​ទឹកអូរ បណ្តោយ​ព្រំដែន នៅ​រសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅត្រង់ចំណុច ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក៏ប៉ុន្តែ​នៅ​មិនទាន់មាន​ប្រភព​ណាមួយ អះអាង​ពី​មូលហេតុ នៅឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ បានបញ្ជាក់​ថាៈ សាកសព​ស្ត្រី​ម្នាក់​នោះ ឈ្មោះ រឿ​ត ហៅ រ័ត្ន អាយុ​៣៥​ឆ្នាំ មក​ស្នាក់នៅ​បណ្តោះអាសន្ន នៅក្នុង​ភូមិ​-​ឃុំ​កន្លែងកើតហេតុ​។ ក្រោយ​ហេតុការណ៍ កើតឡើង មាន​បុរស​ម្នាក់ ឈ្មោះ សុខ អាយុ​៣៧​ឆ្នាំ បាន​ចេញមក ស្រែក​ទ្រ​ហ៊ោ​យំ ហើយ​អះអាងថា ខ្លួន​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​។​

​គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថាៈ ប្រពន្ធ​គាត់ បាន​ចេញពីផ្ទះ តាំងពីព្រឹក ប៉ុន្តែ​គាត់​មិនបាន ដឹងថា ប្រពន្ធ​គាត់ រវល់​ចេញទៅ​ក្រៅ​ផ្ទះ ធ្វើ​អ្វី​នោះទេ ហើយ​គាត់ ក៏​មិនបាន​ដើររក​ដែរ ដោយសារ​រវល់​សុ​ី​ឈ្នួល បាញ់ថ្នាំ​ស្មៅ​ឲ្យ​គេ រហូត​មានការ​ភ្ញាក់ផ្អើល ក៏​មក​មើល ស្រាប់តែ​ឃើញ​ជា​ប្រពន្ធ​របស់​ខ្លូន​សោះ ។​

​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន ស្រុក​សំពៅ​លូន បាន​ចុះ​ពិនិត្យ រួច​ប្រគល់​សាកសព ឲ្យ​ទៅ​សាច់ញាតិ និង​ស្រាវជ្រាវ​បន្តទៀត លើ​ករណីនេះ ៕/V​