ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋនៅក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​ឱ្យបាន រឹងមាំ​តទៅ ដើម្បី​គាំទ្រ​និរន្តរភាព​នៃ​ដំណើរ​ឆ្ពោះ​របស់​ប្រទេសជាតិ​យើង ជាពិសេស​តាមរយៈ​ការជ្រើសរើស​អ្នកដឹកនាំ​ឱ្យបាន​ត្រឹមត្រូវ ដូចដែល​បាន ធ្វើ​កន្លងមកហើយ និង​ការបន្ត​ផ្តល់​ជំនឿ​ចិត្ត និង​យុត្តិធម៌​ដល់​អ្នក​ដែល​បាន ធ្វើអំពើ​ល្អ​ពី​ដើម​រៀងមក គឺ សម្តេច​តេ​ជោ ដែល​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់ តែង​បាន​យក​ជីវិត​ជាដើម​ទុន​ក្នុង​បុព្វហេតុ​សង្គ្រោះ ការពារ និង​បម្រើ​ប្រជា ពលរដ្ឋ​ដោយស្មោះ​ត្រង់​។

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ​បេតុង​ចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និង​សំណង់​សិល្ប​ការ្យ​មួយចំនួន ស្ថិតនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០២២ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយ ប្រជាពលរដ្ឋ​នៅ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ចំពោះ​ការទទួលបាន​នូវ សមិទ្ធផល​ផ្លូវ​បេតុង​ចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ ជាមួយនឹង​ការ ប្រសិទ្ធ​នាម “​ផ្លូវ​អំពេ​ង​សន្តិភាព​” ព្រមទាំង​សំណង់​សិល្ប​ការ្យ​មួយចំនួន ដែលជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​គម្រោង​ប្រចាំឆ្នាំ​របស់​រដ្ឋបាលខេត្ត​កែប ជា​ប្រយោជន៍​បម្រើឱ្យ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដែល​កន្លង​មកជួប​ការលំបាក​ដោយសារ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ជា​ផ្លូវ​រទេះ​ដីក្រហម​តូចចង្អៀត និង​តែង​រង​ការខូចខាត​ក្នុង​រដូវវស្សា ប៉ុន្តែ​ឥឡូវ​ត្រូវបាន ពង្រីក​ទៅជា​ផ្លូវ​បេតុង​មាន​ទំហំ​ធំ​សម្រាប់​ម៉ូតូ​ឡាន​តូចធំ និង​ប្រកបដោយ គុណភាព​រឹងមាំ​យូរអង្វែង ស្របទៅតាម​តម្រូវ​ការដែល​ចេះតែ​កើនឡើង របស់​ប្រជាជន និង​ដំណើរ​វិ​វ​ឌ្ឍ​ទៅមុខ​របស់​ប្រទេសជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា ក្រៅពី​ការប្រើប្រាស់​ថវិការដ្ឋ សមិទ្ធផល​នេះ​អាច​លេចចេញ​ជា​រូបរាង​ឡើង ក៏ដោយ​សារ​មានការ​ចូលរួម ចំណែក​ផងដែរ​របស់​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​បរិច្ចាគ​ដី​ដើម្បី​ពង្រីក​ផ្លូវ ឱ្យបាន​ធំ​ទូលាយ​។ សមិទ្ធផល​រួមគ្នា​នេះ គឺជា​អ្វីដែល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចង់ឃើញ​កើតមាន​ឡើងជា​បន្តបន្ទាប់​គ្រប់​ជំនាន់​តទៅ ពីព្រោះ​ក្រៅពី​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​កម្រិតជីវភាពរ​បស់​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត គឺជា​ការឆ្លុះ បញ្ចាំង​ផងដែរ​អំពី​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ ប្រកបដោយ​ភាពម្ចាស់ការ ស័ក្តិសម​នឹង​ពាក្យ​ថា “​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​រីកចម្រើន​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តទៀតថា ពិតណាស់ ផ្លូវ​បេតុង មួយ​នេះ មិនមែនជា​សមិទ្ធផល​ទោល​តែ​ឯកឯង ឬ​ដែល​ធំជាងគេ​នោះទេ ប៉ុន្តែ​ពិតណាស់ វា​ជា​និមិត្តរូប​តំណាងឱ្យ​ដំណើរ​វិវត្តន៍​ដ៏​វែងឆ្ងាយ​របស់ ប្រទេសជាតិ យើង​ទាំងមូល​។ ចំពោះ​អ្នក​ទូទៅ យើង​អាច​មើលឃើញ​ត្រឹមតែ ជា​ផ្លូវ​បេតុង​ធម្មតា ប៉ុន្តែ​សម្រាប់​អ្នកមូលដ្ឋាន​ដែល​ធ្លាប់​ជួប​ការលំបាក ក្នុងការ ធ្វើទៅ​ដំណើរ​ទៅមក​នៅលើ​ផ្លូវ​នេះ​ផ្ទាល់ ទើប​យល់​អំពី​តម្លៃ​សារៈប្រយោជន៍ ពិតប្រាកដ ដោយ​ធ្លាប់​ទន្ទឹង​ចង់​បានជា​យូរ​មកហើយ​។
​ដូច្នេះ​នៅពេលនេះ​ម៉ោង​នេះ សូម​ចូលរួម​អបអរសាទរ​សមិទ្ធផល​រួម​របស់​ជាតិ ទាំងអស់​មិន​ថា​តូច​ឬ​ធំ​។ ពិតណាស់ យើង​មិនគួរ​រស់នៅក្នុង​អតីតកាល​ទេ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ ក្រឡេកមើល និង​ប្រៀបធៀប​ទៅ​អតីតកាល​ដើម្បី ឆ្លុះបញ្ចាំង​ប្រកប ដោយ​ហេតុផល​ត្រឹមត្រូវ​អំពី​បច្ចុប្បន្នកាល ដែល​នេះ​គឺជា អភិក្រម​ចាំបាច់ បំផុត​ដើម្បី​សម្លឹង និង​ដើរ​ទៅដល់​អនាគត​ដ៏​រុងរឿង​មួយ ដែល​យើង ទាំងអស់គ្នា​ចង់បាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា មកដល់ពេលនេះ ខេត្ត​កែប​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ គួរ​ជាទី​មោទនៈ ដោយ​ទ្បែ​ក ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ក៏ត្រូវ​បាន​កែលម្អ​ឱ្យ​កាន់តែ ប្រសើរឡើង ដោយ​រដ្ឋបាលខេត្ត​បាន​ខិតខំ​ស្តារ​កសាង និង​ជួសជុល​ទ្បើង​វិញ ដោយមាន​ទាំង​ផ្លូវ​អ៊ុត​កៅស៊ូ AC, ផ្លូវ​បេតុង​អា​មេ​, ផ្លូវ​កៅស៊ូ DBST, ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាច្រើន​ខ្សែ​, ការពង្រីក​ឆ្នេរ និង​ការបង្កើត​កំពង់ផែ​, ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​, អាង​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កង្វក់​, ឡ​ដុត​សម្រាម​វេជ្ជសាស្ត្រ ។​ល​។ ស្របតាម​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុងកែប ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដើម្បី​ប្រែក្លាយ​ខេត្ត​កែប​ទៅជា​តំបន់​ទេសចរណ៍​ល្អ ប្រណីត​កម្រិត​ខ្ពស់ នាពេល​អនាគត​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ស័ក្តិ​សមជា​ខេត្ត​តារា​រះ​នា​ទិសនិរតី ហើយ​ដែល​កន្លងមកនេះ ខេត្ត​ក៏បាន ទទួល​ជ័យលាភី​នានា​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​រួចមកហើយ​។ ទាំងនេះ ក៏ដោយ​សារ​ខេត្ត​កែប មាន​ថ្នាក់ដឹកនាំ​ល្អ និង​មានការ​ខិតខំ​យកចិត្ត​ទុក ដាក់​បំពេញភារកិច្ច​ប​ម្រើ​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រីរាជការ និង​អាជ្ញាធរ​ដែនដី គ្រប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​ការចូលរួម​របស់ ប្រជាពលរដ្ឋ​ផ្ទាល់​នៅក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​មូលដ្ឋាន​បាន​ត្រឹមត្រូវ​ក្នុង​រយៈកាល​កន្លងមក​នេះ​៕​/PC