ដោយៈ​យោធិន​/​ភ្នំពេញៈមន្ត្រីការទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបន្ត​គាំទ្រ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដូច​អ្វីដែល​រដ្ឋាភិបាល​ក៏ដូចជា​កងទ័ព​បារាំង​បាន​អនុវត្ត​លើ​វិស័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​សាធារណរដ្ឋ​បារាំង​។​

​លោក ហ្វា ប្រ៊ី​ស​អេ​ចេ​ន (Fabrice ETIENNE) តំណាង​ឯកអគ្គរដ្ឋទូត​សា​ធារ ណ​រដ្ឋ បារាំង ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ពី​ក្តី​មោទនភាព​ដែល​បេសកកម្ម សហប្រតិបត្តិ​ការការពា​របា​រាំង​អាចឆ្លើយតប​ជា​វិជ្ជមាន​តាម​តម្រូវការ​ស្នើឡើង​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ដឹកជញ្ជូន​គ្រឿងផ្ទុះ​សម្រាប់​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ ដែល​បាន​ដំណើរការ​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​អនុប្រធាន​គណៈ​ក​ម្មា ធិ​ការ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​។​

​លោក ហ្វា ប្រ៊ី​ស​អេ​ចេ​ន​ថ្លែង​ក្នុងនាម​តំណាង​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ នៅ​កម្ពុជា​បានបញ្ជាក់​ថាៈ វគ្គ​បំប៉ន​ហ្វឹកហ្វឺន​ជំនាញ​ដឹកជញ្ជូន​សារធាតុ ដ៏​គ្រោះថ្នាក់​បាន​ដំណើរការ​ធ្វើឡើង​រយៈពេល​មួយ​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ៩ ដល់ ទី​១៣ ខែឧសភា ឆ្នាំ​២០២២ អាច​ផ្តល់​សមត្ថភាព​និង​លទ្ធភាព​ឲ្យ ដល់​កង​យោធា​មួក​ខៀវ​ក្នុងការ​ដឹកជញ្ជូន​នូវ​សារធាតុ​ប្រកបដោយ​គ្រោះថ្នាក់​ទាំងនេះ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​បានលើកឡើង​ថាៈ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ដឹកជញ្ជូន​គ្រឿងផ្ទុះ​សម្រាប់​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ​ពិតជា​សមស្រប​និង​មាន​សារៈសំខាន់​ណាស់​ក្នុងទិសដៅ​កសាង​និង​ពង្រឹងសមត្ថភាព​ដល់ក​ង​ទ័ព​ឲ្យ​មាន​វិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វើ​ពិតប្រាកដ ពិសេស​លើ​ជំនាញ​ដឹកជញ្ជូន​គ្រឿងផ្ទុះ​ដែល​បច្ចុប្បន្ន​ជា​វិស័យ​មួយ​សំខាន់​របស់​អង្គការសហប្រជាជាតិ​សំដៅ​ដល់​ការចូលរួមចំណែក​ការពារ​អាយុជីវិត​ប្រជាជន បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ​ព្រមទាំង​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ឲ្យ​បាន ជា​អប្បបរមា​។​

​គួររំលឹកថា តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ​ជ្រោមជ្រែង​ដោយ​ភាគី​បារាំង​បានផ្តល់ ធនធានមនុស្ស​ចំនួន​១៩​រូប​ទៀត​សម្រាប់​អនុវត្ត​ភារកិច្ច​ក្នុងប្រទេស​និង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ៕​/PC