ដោយៈ បូកគោ / កែបៈ ថ្វីដ្បិតតែមិនធំជាងផ្លូវដទៃ តែផ្លូវអំពេងសន្តិភាព ដែលបានលេច រូបរាងឡើង ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ជាសមិទ្ធផលតំណាងឱ្យនិមិត្តរូប នៃដំណើរវិវត្តន៍ដ៏វែងឆ្ងាយ របស់ប្រទេសជាតិ។ ផ្លូវនេះ នឹងបម្រើឱ្យជីវភាពរស់នៅ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈដែលកន្លងមក អ្នកដំណើរឆ្លងកាត់មូលដ្ឋាននេះ ជួបក្តីលំបាក ជាយូរមកហើយ។
រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ធ្វើពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ នូវផ្លូវបេតុង មួយខ្សែ ប្រវែង ២.៧០០ ម៉ែត្រ រួមទាំងសំណង់សិល្បការ្យ ពាក់ព័ន្ធនានា ដែលត្រូវបានប្រសិទ្ធនាមថា ផ្លូវអំពេងសន្តិភាព ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
ថ្លែងក្នុងពិធីសម្ពោធ ខាងលើ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថាៈ ផ្លូវ និងសំណង់សិល្បការ្យមួយចំនួន ដែលបានកើតឡើង នាពេលនេះ ជាផ្នែកមួយនៃ កិច្ចអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ថ្វីដ្បិតតែមិនធំជាងផ្លូវដទៃ ប៉ុន្តែនេះជាសមិទ្ធផលតំណាងឱ្យនិមិត្តរូប នៃដំណើរវិវត្តន៍ ដ៏វែងឆ្ងាយ របស់ប្រទេសជាតិ ដែលត្រូវបានប្រសិទ្ធនាមថា ផ្លូវអំពេងសន្តិភាព។
លោកឧត្តមសេនីយ៍ឯក បានបន្តថាៈ មនុស្សគ្រប់រូប មិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែចាំបាច់ ត្រូវក្រឡេកមើល និងប្រៀបធៀបនូវអ្វី ដែលពីមុនមិនធ្លាប់មាន ដើម្បីឆ្លុះបញ្ចាំង ប្រកបដោយហេតុផល សម្រាប់បច្ចុប្បន្នកាល។ នេះគឺជាអភិក្រមចាំបាច់បំផុត ដើម្បីសម្លឹង និងដើរឆ្ពោះទៅកាន់អនាគតដ៏រុងរឿង ដែលគ្រប់គ្នាចង់បាន។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថាៈ ខេត្តកែបមានសក្តានុពល សំខាន់ៗ មួយចំនួន ជាស្ពានឈានទៅអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន តាមរយៈការកសាង រាល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែ ដែលកំពុងស្ថាបនាជាដើម។ ពិតណាស់ សមិទ្ធផលនានា អាចកើតឡើងបាន តម្រូវឱ្យមានការព្យាករណ៍ច្បាស់លាស់ និងរៀបចំ ផែនការបម្រុងទុកជាមុន។
លោកអភិបាលខេត្ត បានបន្តថាៈ បន្ថែមលើនេះ កិច្ចចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំដើម្បីគាំទ្រនិរន្តរភាព នៃដំណើរឆ្ពោះ ទៅមុខរបស់ប្រទេសជាតិ ជាករណីដែលមិនអាចខ្វះបានឡើយ៕/V