តាក់ស៊ី បើ​កបំ​បុក​ចូល​ហ្វូងមនុស្ស រួមមាន​អ្នកគាំទ្រ​បាល់​នៅ​ក្រុង​មូ​ស្គូ បង្ក​របួស​៨​នាក់​

3417
ចែករម្លែក
  • 34
    Shares

រថយន្តតាក់ស៊ីមួយត្រូវបានបើកបុកចូលហ្វូងអ្នកដំណើរនៅជិតទីលានក្រហមនៃទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ ដោយបង្ករបួសមនុស្ស៨នាក់ រួមមានជនជាតិម៉ិកស៊ិច២នាក់ចំពេលទីក្រុងនេះរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់World Cup។

ឧបទ្ទវហេតុនេះបានកើតឡើងខណៈអ្នកក្រុងនិងអ្នកគាំទ្របាល់ទាត់ដើរពពាក់ពពូននៅក្នុងទីក្រុងមូស្គូ នៅពេលល្ងាចនៃរដូវក្តៅស្រួលមួយ។

អាជ្ញាធរចរាចរណ៍ក្រុងបាននិយាយថា អ្នកបើកតាក់ស៊ីមានប័ណ្ណបើកបរចេញនៅគៀហ្គីស្ថាន សាធារណរដ្ឋដែលសំបូរអ្នកកាន់សាសនាអ៊ីស្លាម។ជននេះត្រូវបានចាប់ខ្លួននិងបានប្រាប់ប៉ូលិសថាខ្លួនគ្មានបំណងបើកចូលហ្វូងមនុស្សទេ ហើយប៉ូលិសបាននិយាយថា “អ្នកបើកបរបានបាត់បង់ការបញ្ជាលើរថយន្ត”ទោះជាយ៉ាងណា ប៉ូលិស
ត្រូវធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌ គឺការរំលោភច្បាប់ចរាចរណ៍ ហើយតុលាការនឹងបើកសវនាការមួយអំពីករណីនេះនៅថ្ងៃចន្ទ។

អាជ្ញាធរចរាចរណ៍ក្រុងបានអោយដឹងទៀតថា អ្នកបើកតាក់ស៊ីនេះមិនស្រវឹងស្រាទេ និងបុរសនេះចង់ជាន់ហ្រ្វាំងតែបែរជាច្រឡំជាន់ឈ្នាន់ល្បឿន ។បុរសនេះបានប្រាប់ប៉ូលិសថា”ខ្ញុំសោកស្តាយណាស់…ខ្ញុំចង់ទៅផ្ទះ ខ្ញុំចង់ដេក”។

គេថា អ្នកបើកតាក់ស៊ីនេះបានធ្វើការបើកតាក់ស៊ីជាប់២០ម៉ោងមុនជួបគ្រោះថ្នាក់កាលពីថ្ងៃសៅរ៍។

បើតាមប៉ូលិស មនុស្ស៧នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ តែនាយកដ្ឋានសុខាភិបាលក្រុងបាននិយាយថា មនុស្ស៨នាក់រងរបួសនិងត្រូវបាននាំមកកាន់មន្ទីរពេទ្យ តែ៧នាក់រងរបួសស្រាលនិងម្នាក់របួសធ្ងន់។

ក្នុងពេលជាមួយគ្នា ស្ថានទូតម៉ិកស៊ិចនៅមូស្គូបាននិយាយថា ស្រ្តីម៉ុកស៊ិច២នាក់បានរងរបួសស្រាល។ក្នុងចំណោមអ្នករងរបួសក៏មានជនជាតិអ៊ុយក្រែនម្នាក់ រុស្ស៊ី២នាក់ និងអាហ្សែបៃហ្សង់២នាក់។

សាក្សីបាននិយាយថា ជនរងគ្រោះខ្លះបានពាក់អាវពណ៌របស់ក្រុមម៉ិកស៊ិច ដែលត្រូវប្រកួតជាមួយអាល្លឺម៉ង់នៅថ្ងៃអាទិត្យទី១៧មិថុនា ក្នុងការប្រកួតWorld Cup ដំបូងរបស់គេនៅកីឡដ្ឋានLuzhnikiនៃក្រុងមូស្គូ ។អ្នកគាំទ្រម៉ិកស៊ិចរាប់ពាន់នាក់កំពុងស្ថិតនៅក្នុងរដ្ឋធានីរបស់រុស្ស៊ីនេះ។

ទីភ្នាក់ងារសារព័ត៌មានTASSបានរាយការណ៍ថា តុលាការមួយនឹងបើកសវនាការនៅថ្ងៃចន្ទទី១៨មិថុនាចំពោះឧបទ្ទវហេតុបង្កឡើងដោយអ្នកបើកតាក់ស៊ីនេះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃសុក្របានចេញការណែនាំអំពីការធ្វើដំណើរនៅរុស្ស៊ី ដោយនិយាយថាក្រុមភេរវករមានគំរោងវាយប្រហារគ្រប់ពេល៕ដោយ៖វាសនា

តាក់ស៊ី បើក ចូល ហ្វូងមនុស្ស ចំពេល ក្រុង មូ ស្គូ ត្រៀម រៀបចំ ការប្រកួត រវាង ក្រុម ម៉ិ ក ស៊ិ ច និង អាល្លឺម៉ង់