​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ខណៈ Liverpool កំពុង​ជាប់រវល់​ប្រកួត​ជា​មួយ Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ក្រុម​មេឃ​ខៀវ Man City​នឹង​ឆ្លៀត​ឱកាស​បង្កើន​ការ​នាំមុខ​​លើ​កំពូល​តារាង ៦ ពិន្ទុ ដោយ​ការ​ផ្តួល​ម្ចាស់ផ្ទះ​ញញួរ​ធំ West Ham នៅ​ថ្ងៃអាទិត្យ​ឱ្យខាងតែបាន​។ ប្រសិនបើ City ភ្លាត់ស្នៀត​ចាញ់​ញញួរ​ធំ ហើយ​ហង្ស​ក្រហម​ឈ្នះ​គ្រប់​ការប្រកួត​សេសសល់ នោះ Liverpool នឹង​លើក​ពាន EPL ជាពុំខាន​។

​នៅ​តំបន់​កាត់ចោល​ឯណោះ​វិញ ប្រសិនបើ Leeds (​លេខ​១៨) ចាញ់ Brighton នោះ​ពួកគេ​នឹង​វេច​បង្វិច​ទៅ Championship ជាមួយ Watford និង Norwich ដោយ​ស្វ័យប្រវត្តិ ក្នុងករណី Everton និង Burnley បន្ត​ឈ្នះ​ប្រកួត​សេសសល់​។

​យើង​នឹង​លើកយក​២​គូ​សំខាន់ៗ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Liverpool vs Chelsea (FA Cup)

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup គឺជា​គូ​សងសឹក​នៃ​ពានរង្វាន់ Carabao Cup ក្នុង​រដូវ​កាល​តែមួយ​។​

​ខណៈ​នៅលើ​ក្រដាស​គូ​នេះ​ហាក់​មិន​មាន​អី​ល្អមើល របៀប​ដែល Chelsea និង Liverpool ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នៅ​ឯ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែ​កុម្ភៈ​នៅ​កីឡដ្ឋាន Wembley ពិតជា​ល្អមើល​ជក់ចិត្ត​ខ្លាំងណាស់​។​

​ពេញ​មួយ​រដូវ​កាល​នេះ​ទាំង​ក្នុង Premier League និង Cup គូ​ទាំងពីរ​ហាក់​មិន​អាច​បែងចែក​ដាច់​ស្រេច​ពី​គ្នា​ថា​មួយណា​ខ្លាំង​ជាង​មួយ​ណា ដោយសារ​ភាគច្រើន​លេង​ស្មើគ្នា​រហូត​។​

​ការជួបគ្នា​ទាំង​ពីរ​លើក​ក្នុង EPL បាន​បញ្ចប់​ទៅ​ដោយ​លទ្ធ​ផល​សរុប ២-២ ទោះបីជា Liverpool នាំមុខ Chelsea ដាច់​ក្នុង​តារាង​ពិន្ទុ​ក៏ដោយ​។​

​ទោះបីជា​ការប៉ុនប៉ងរ​បស់​លោក ជួ​ហ្គិន ក្លប់ ក្នុង​ការដេញ​តាម​ក្រុម Manchester City បាន​រង​ការ​វាយ​សំពង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ក៏​ដោយ ក៏​គ្រូបង្វឹក​អាល្លឺម៉ង់​រូបនេះ​នៅតែ​អាច​ឈ្នះ​ពាន​៣​នៅ​រដូវ​កាល​នេះ ហើយ​ការ​ពិត​ដែល​ថា​គាត់​បាន​យកឈ្នះ Chelsea រួចហើយ​នៅ​ក្នុង​ការប្រកួត League Cup​មិន​អាច​មិន​អើពើ​នោះឡើយ​។​

​ទោះយ៉ាងណា​ក៏ដោយ ក្រុម​របស់​លោក ថូ​ម៉ាស ធូ​ខល់ ក៏​ល្អ​ក្នុង​បាល់ទាត់​ដែរ​។ ក្រោម​ការដឹកនាំ​របស់​គាត់ Chelsea បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​រាល់​ការប្រកួត​ទាំងអស់ ហើយ​គួរ​ចងចាំ​ដែរ​ថា ពួកគេ​បាន​ផ្តួល​ក្រុម Man City ក្នុង​ការប្រកួត Champions League បើទោះបីជា​មាន​ទម្រង់​លេង​ក្នុង​លី​ក​យ៉ាប់​ក៏ដោយ​។​

​ក្នុងនាម​ជា​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប ការប្រកួត​រវាង​ពួកគេ​នឹង​ក្លាយជា​ឱកាស​ដ៏​ជក់ចិត្ត​បំផុត​ជាមិនខាន​។​

​ក្រុម​ទាំង​ពីរ​ប្រហែលជា​អាច​បាត់បង់​ខ្សែបម្រើ​សំខាន់​រៀងៗ​ខ្លួន​មុន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​។​

​លោកធូ​ខល់​បាន​សារភាព​ថា កីឡាករ ម៉ាតេ​អូ កូវ៉ា​ហ្ស៊ិ​ក ត្រូវការ “​អព្ភូត​ហេតុ​” ដើម្បី​ជា​សះស្បើយ​ទាន់ពេល បន្ទាប់​ពី​របួស​កជើង​នៅឯ​ទឹកដី Leeds កាលពី​យប់​ថ្ងៃ​ពុធ ខណៈ​កីឡាករ​អិន​ហ្គោឡូ កាន់តេ កំពុង​ប្រជែង​នឹង​ពេល​វេលា​ដើម្បី​ជា​ពីរ​បួស​ឡើង​វិញ​។​

​ការណ៍​នេះ​បាន​បន្សល់​ទុក​ត្រឹម​កីឡា​ករជូ​ជី​ញ៉ូ​ជា​ជម្រើស​ទី​មួយ​តែ​ម្នាក់​គត់​នៃ​តំបន់​បម្រើ​របស់​លោកធូ​ខល់ ខណៈ​រូបិន លូតឹស ឈីក និង សា​អ៊ូ​ល នី​ហ្គេស ជា​ជម្រើស​ក្នុង​កៅអី​បម្រុង​។​

​ទន្ទឹមនឹងនោះ Liverpool នឹង​បាត់បង់​ខ្សែបម្រើ​ហ្វា​ប៊ី​ញ៉ូ ដែល​រងរបួស​ក្នុងអំឡុង​ជ័យជម្នះ​កាលពី​ថ្ងៃ​អង្គារ​លើ​ក្រុម Aston Villa ហើយ​លោក​ក្លប់​បាន​ដក​កីឡា​ករប្រេ​ស៊ីល​រូប​នេះ​ចេញពី​ការ​ប្រកួត FA Cup ហើយ​។​

​អេន​ឌី រ៉ូបឺត​សុន ត្រូវ​បាន​សម្រាក​សម្រាប់​ការប្រកួត​នេះ ហើយ ម៉ូ​ហា​ម៉េត សាឡា​ស ត្រូវបាន​ដាក់​លេង​ចេញពី​កៅអី​បម្រុង​។ អ្នក​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ជម្រើស​១១​នាក់​នៅ​ថ្ងៃនេះ​។​

​ការ​ទស្សន៍ទាយ ៖

​ក្រុម​ទាំង​ពីរ​នេះ​លេង​មិន​ឈ្នះ​មិន​ចាញ់​គ្នា​សោះ​នៅ​រដូវ​កាល​នេះ បើទោះបីជា Chelsea មើលទៅ​មិនសូវ​មាន​រចនាសម្ព័ន្ធ​ល្អ​នៅក្នុង​ការប្រកួត​ធំៗ​ក៏ដោយ​។ ដោយសារ​ហេតុផល​នេះ ក្រុម​ទាំង​ពីរ​រំពឹង​ស្មើគ្នា​សា​ជា​ថ្មី​ក្នុង​លទ្ធផល​ព្យាករណ៍ ១-១​។​

– West Ham vs Man City (EPL)

​ការប្រកួត​ដ៏​ធំ​មួយ​នឹង​កើតឡើង​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ West Ham ទទួលភ្ញៀវ Manchester City នៅ​កីឡដ្ឋាន London Stadium​។​

​អ្នកគាំទ្រ​ក្រុម Manchester City កំពុង​មាន​អារម្មណ៍​ហោះហើរ​លើ​មេឃ​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី City ចុះហត្ថលេខា​ទិញ​បាន​ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ អៀ​លីង ហា​លែ​ន​។ កីឡាករ​សញ្ជាតិន័​រវេ​សរូបនេះ​គឺ​ជាកីឡាករ​ត្រូវប៉ាន់​មួយ​រូប​របស់​ពិភព​បាល់ទាត់ ហើយ Man City ទិញ​រូបគេ​ក្នុងតម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ​។ ពួកគេ​ក៏​នឹង​សម្លឹង​ឆ្ពោះទៅ​រក​ការឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅកាន់​ពាន Premier League នៅក្នុង​ការប្រកួត​នេះ​ជាមួយ​នឹង​ជ័យជម្នះ​មួយទៀត​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ផ្តួល​ក្រុម Wolves នៅ​ពាក់កណ្តាល​សប្តាហ៍ ដោយ​រក្សា​ការ​នាំមុខ​៣​ពិន្ទុ​លើ​ក្រុម​ហង្ស​ក្រហម Liverpool ។​

​ការប្រកួត​នេះ​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​សម្រាប់​ក្រុម​ញញួរ​ធំ West Ham ដែរ ដែល​កំពុង​ដេញតាម​កៅអី​អឺរ៉ុប​។ ការទទួល​ជ័យជម្នះ​លើ​មេឃ​ខៀវ​ថ្ងៃអាទិត្យ​នេះ​នឹង​នាំ​ពួកគេ​ឈរ​ពី​លើ​ក្រុម Manchester United ដោយ​លើស​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី និង​ឈាន​ទៅរក​ក្របខ័ណ្ឌ Europa League ដូច្នេះ​ក្រុម​ទាំង​ពីរ​ត្រូវ​ឈ្នះ​ដាច់​ខាត​រៀងៗ​ខ្លួន​។​

​កូនក្រុម​របស់លោក ដេវីត ម៉​យ ប្រហែលជា​គ្មាន​កីឡាករ​សំខាន់​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​ទេ​។ ទាំង​កីឡាករ មី​ខា​អ៊ី​ល អង់​តូ​នីញ៉ូ និង ក្រេក ដ​សុន ស្ថិត​ក្នុង​មន្ទិល​ដោយសារតែ​របួស​ថ្មីៗ​នេះ​។ សា​អ៊ី​ត បិនចា​មីនក៏​បាន​រង​របួស​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Norwich កាលពី​ចុង​សប្តាហ៍​មុន​ផងដែរ ដូច្នេះ​រូបគេ​នឹង​អវត្តមាន​ជាមួយនឹង​កីឡាករ អង់ជែ​ឡូ អូ​កបូន​ណា ដែល​នឹង​ត្រូវ​អវត្តមាន​រហូតដល់​ចុង​រដូវ​កាល​នេះ​។​

​ចំណែក ក្រុម​របស់​លោក ប៉េប ហ្គាឌី​អូ​ឡា មាន​វិបត្តិ​ផ្នែក​ការពារ​ខ្លះ​។ កីឡាករ អា​មេ​រីក ឡា​ប៉ត និង ហ្វើ​ណាល់ឌី​ញ៉ូ ទាំង​ពីរ​នាក់​បាន​រង​របួស​ពេល​ប៉ះ Wolves នៅ​ពាក់កណ្តាល​សប្តាហ៍ ហើយ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​មន្ទិល ដែល​មានន័យថា​ពួកគេ​ចូលរួម​ជាមួយ​ខ្សែការពារ ខាយ វ៉ក​ឃើ​, ច​ន ស្តូន និង រូបិន ឌី​អាស នឹង​ស្ថិត​នៅក្រៅ​ទីលាន​ប្រកួត​។​

​ត្បិត​ញញួរ​ធំ​កំពុង​ប្រឹង​យក​កៅអី Europa ប៉ុន្តែ​ក្រុម​របស់​លោក​ហ្គាឌី​អូ​ឡា​កំពុង​ប្រឹង​លើ​កពាន EPL ក្នុង​ល្បឿន​ដែល​គ្មាន​ក្រុម​ណា​អាច​បញ្ឈប់​បានឡើយ ហើយ​ពួកគេ​ច្បាស់​ជា​គ្មាន​បញ្ហា​ក្នុង​ការដណ្តើមយក​៣​ពិន្ទុ​។

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ២-១៕

Liverpool និង Chelsea មួយ​ណា​ជា​ម្ចាស់​ពាន FA Cup?