ឆ្នាំជូត
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះងាយធ្វើឱ្យលោកអ្នកតប់ប្រម៉ល់ និងខូចអារម្មណ៍នាំឱ្យកើតនូវរឿងរាវទំនាស់ជាមួយអ្នកដទៃជាងសព្វមួយដង។សម្រាប់ពេលវេលាមិនល្អក្នុងថ្ងៃនេះគឺម៉ោង ១១,០០- ២,៥៩នាទីរសៀល។ការប្រកបការងារងាយមានបញ្ហា ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើស តែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះបើលោកអ្នកមានឱ្យគេជំពាក់ប្រាក់កាស ឬខ្ចីអ្វីមួយ ហើយបើចង់ទារមកវិញនោះឃើញថាច្រើនសមដូចប្រកប។ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយមិនគប្បីមានការលោភលន់នោះទេ បើពុំដូច្នេះប្រាកដជាជួបផលលំបាកអ្វីមួយយ៉ាងច្រើនជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។
គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីចូលមកឡូកឡំ៕
ឆ្នាំខាល
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតែងរាំងស្ទះ និងជួបនូវបញ្ហាចម្រូងចម្រាសច្រើនពិបាកក្នុងការដោះស្រាយ ។ការប្រកបការងារ មានការរាំងស្ទះ និង ពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់សប្តាហ៍ក្រោយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។លោកអ្នកអាចទទួលដំណឹងល្អ និងមានការចម្រើនលូតលាស់ឈានទៅមុខច្រើនរឿង ។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ១,០០-២,៥៩វិនាទីរសៀល។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរោង
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះលោកអ្នកត្រូវទន្ទេញទុកក្នុងចិត្តថាត្រូវយកចិត្តទុកក្នុងខ្លួនទើបគ្មានបញ្ហាមិនល្អឈានចូលកើត ។ការប្រកបកិច្ចការងារអ្វីត្រូវចេះមើលមុខមើលក្រោយព្រោះងាយខូចខាត និង បាត់បង់ក្នុងរឿងអ្វីមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឲ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវ៉ាចាប់តែអាធំ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមី
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។បើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកបើមានទំនាក់ទំនង ឬ ចង់ធ្វើអ្វីមួយក៏តែងសម្រេចដូចក្តីបំណងមកវិញនោះឃើញថាមានក្តីសង្ឃឹមច្រើនគ្រាន់កក់ក្តៅ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ និងបញ្ហាប្រាក់កាស។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់ត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕
ឆ្នាំវក
រាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវចិត្តល្អឱ្យគេខ្ចី ឬជំពាក់បំណុលច្រើនដោយមិនមើលមុខ ក្រោយឡើយពីព្រោះថាងាយបាត់បង់ និងកើតជាបញ្ហាណាស់។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយផង។
សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនងាយចៀសផុតផលលំបាកកើតឡើងបានទេ។ហេតុនេះត្រូវរក្សាភាពស្ងប់ស្ងាត់ និងការនៅស្ងៀមជាការល្អបំផុត។
ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ក្នុងពេលនេះបើលោកអ្នកនិយាយស្តី ឬចង់ពឹងពាក់នរណាម្នាក់ឱ្យធ្វើអ្វីក៏តែងគេឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ ។ថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ការរស់នៅមានភាពស្រស់ស្រាយ និងភាពសុខដុមគួរសម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុម។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕