​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​២៧​នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​រងរបួស​នៅក្នុង​អគ្គិភ័យ​នៅ​អាគារ​ធំ​មួយ​ក្នុង​រដ្ឋធានី​ញី​វ​ដេល្លី​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​។​

​មន្ត្រី​នាយកដ្ឋាន​អគ្គិភ័យ​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​ហើយ​ឥឡូវ​។​ចំនួន​ជនរងគ្រោះ​ដល់​ជីវិត​មាន​២៧​នាក់ តែ​ការស្វែងរក​នៅ​បន្តធ្វើ​»​។​

​ទូរទស្សន៍​CNN-News18 បាន​ស្រង់​សម្តី​មន្ត្រី​ផ្នែក​សេវា​អគ្គិភ័យ​ក្រុង​ដែល​បាន​និយាយថា ជាន់​ទី​បី​នៃ​អាគារ​ដែល​ឆេះ​នៅ​មិនទាន់​រុករក​នៅឡើយ​ទេ​និង​អាចមាន​អ្នកស្លាប់​បន្ថែម​។​

​ទូរទស្សន៍ NDTV​បាន​រាយការណ៍​ថា មនុស្ស​៤០​នាក់​បាន​រលាកភ្លើង​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​មូលហេតុ​នៃ​ការឆេះ​នេះ​នៅ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស​៦០​ទៅ​៧០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​អាគារ​កើតហេតុ ហើយ​អគ្គិភ័យ​បាន​ចាប់ផ្តើម​ពី​ជាន់​ពី​មួយ​ដែល​ត្រូវបាន​ជួល​ដាក់​ការិយាល័យ​របស់​ក្រុមហ៊ុន​មួយ​។​

​សូមបញ្ជាក់​ថា អគ្គិភ័យ​កើតមាន​ជា​ធម្មតា​នៅ​ឥណ្ឌា ដោយសារ​ការប្រតិបត្តិ​ស្តង់ដា​អាគារ​អន់ ដាក់​មនុស្ស​ច្រើន​ហួស​ចំណុះ​និង​ខ្វះ​ការអនុវត្ត​ច្បាប់​សុវត្ថិភាព​។​សារព័ត៌មាន​The Times of India​បាន​និយាយថា​ម្ចាស់​អាគារ​នេះ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​៕

​ពួក​អ្នក​ជួយ​សង្គ្រោះ​និង​បុគ្គលិក​អគ្គិភ័យ​ព្យាយាម​ពន្លត់ភ្លើង​និង​ស្វែងរក​ជនរងគ្រោះ​ក្នុង​អគ្គិភ័យ​នៅ​ក្រុង​ញូ​វ ដេល្លី​