​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន​កាលពី​ថ្ងៃ​សុក្រ​​ទី​១៣​ឧសភា បន្ទាប់​ពី​បដិសេធ​មិន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​សម​ភាគី​អាម៉េរិក​របស់គាត់​អស់​រាប់​ខែ​។ ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយថា ការតេ​ទូរស័ព្ទ​និយា​គ្នា​នេះ​ហាក់​មិន​បង្ហាញ​សញ្ញា​នៃ​ការផ្លាស់ប្តូរ​ណាមួយ​​នៅក្នុង​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន​នោះទេ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខណៈ​លោក​អូ​ស្ទីន​ជឿ​ថា​ការស​ន្ទនា​រយៈពេ​ល​មួយ​ម៉ោង​មាន​សារៈសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​លេខ​ទាក់ទង​ឱ្យនៅ​បើកចំហ វា​មិន​បាន​ដោះស្រាយ​បញ្ហា​ស្រួចស្រាវ​ណាមួយ​ឬ​នាំឱ្យ​មាន​ការផ្លាស់ប្តូ​រណា​មួយ​នៅក្នុង​អ្វី​ដែល​រុស្ស៊ី​កំពុង​ធ្វើ ឬ កំពុង​និយាយ​នោះ​ទេ ខណៈ​សង្គ្រាម​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​១២​។​

​ការហៅ​ទូរស័ព្ទ ដែល​ផ្តួចផ្តើម​ដោយ​លោក​អូ​ស្ទីន បាន​សម្គាល់​ទំនាក់ទំនង​កម្រិត​ខ្ពស់​បំផុត​របស់​អាម៉េរិក​ជាមួយ​មន្ត្រី​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ​។ ​ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា មេដឹកនាំ​រុស្ស៊ី​បាន​បដិសេធ​មិន​ទទួលយក​ការហៅ​ទូរស័ព្ទ​ពី​លោក​អូ​ស្ទី​ន​និង​ឧត្តមសេនីយ៍ ម៉ាក មី​ល​លី (Mark Milley) ដែល​ជា​នាយ​អគ្គសេនាធិកា​រ​ចម្រុះ​។​

​នេះ​គឺជា​ការសន្ទនា​លើកដំបូង​រវាង​លោក​អូ​ស្ទី​ន​និង​លោក​សយហ្គូ ចាប់តាំងពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ ពោលគឺ​មួយ​សប្តាហ៍​មុន​ពេល​សង្គ្រាម​បាន​ចាប់ផ្តើម​។ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មី​ល​លី​រំពឹង​ទាក់ទង​ទៅ​សម​ភាគី​របស់​គាត់​ផងដែរ​គឺ​លោក​ឧត្តមសេនីយ៍ វ៉ា​ឡឺរី ជើ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov)​ដែល​ជា​នាយ​អគ្គ​សេនា​​ធិកា​ររបស់​រុស្ស៊ី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា លោក​អូ​ស្ទីន “​បាន​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នហើយ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរក្សា​ខ្សែបណ្តាញ​​ទំនាក់ទំនង​”​។​

​មន្ត្រី​ជាច្រើន​បាន​ពណ៌នា​ការហៅ​ទូរស័ព្ទ​នេះ​ថា​ជា​ជំហាន​វិជ្ជមាន ប៉ុន្តែ​និយាយថា​មិន​មាន​ហេតុផល​ច្បាស់លាស់​ថា​ហេតុអ្វី​បានជា​រុស្ស៊ី​សម្រេចចិត្ត​បន្ត​ការសន្ទនា​កាលពី​ថ្ងៃ​សុក្រ​នោះទេ​។​មន្ត្រី​ការពារ​ជាតិ​​រូបនោះ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​សង្ឃឹមថា ការតេ​ទូរស័ព្ទ​នេះ​នឹង​បម្រើ​ជា​វេទិការ​សម្រាប់​ការសន្ទនា​នាពេល​អនាគត ហើយ​វា​ហាក់​បង្ហាញថា​សំណើ​របស់​លោក​អូ​ស្ទីនស​ម្រាប់​ការធ្វើទំនាក់ទំន​ង​​នាពេល​អនាគត​ត្រូវ​បាន​ទទួលយក​។ មន្ត្រី​នោះ​បាន​កំណត់​លក្ខណៈ​នៃ​ការហៅ​ទូរស័ព្ទ​ថា​មាន “​វិជ្ជាជីវៈ​” ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​ខ្លឹមសារ​របស់​វា​នោះ​ទេ​៕

លោក​សយហ្គូ​និង​លោកអូ​ស្ទីន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ