ដោយៈ សុខុម / ព្រះ​វិហារៈ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ បាន​ចុះ​អនុវត្ត​សាលក្រម លើ​សំណុំរឿង​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុន មេគង្គ ខូ​អិ​ល​ធី​ឌី​។ ពេល​សមត្ថកិច្ច ចម្រុះ ចុះទៅ​អនុវត្ត​នោះ ក៏បាន​ឃាត់ ខ្លួន​មនុស្ស ចំនួន បីនាក់ បញ្ជូនទៅ តុលាការ និង​បាន​ដកហូត យក​ឈើ ៥ ម៉ែត្រគុប រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល ព្រៃឈើ​រវៀង​។​

​លោក គឹម សំឡេង តំណាង​អយ្យការ ខេត្តព្រះវិហារ គឺជា​អ្នកដឹកនាំ​កម្លាំងចម្រុះ ចុះ​អនុវត្ត សាលក្រម ដក​ដី​ចំនួន ២៣ ហិកតា ពី​ឈ្មោះ ជា ឆេង​គន ទៅ​ឲ្យ​ក្រុម ហ៊ុន​ចំការ កៅស៊ូ មេគង្គ ខូ​អិ​ល​ធី​ឌី វិញ ក្រោយពី​បុគ្គល​ឈ្មោះ ជា ឆេង​គន រំលោភ​ចូលកាន់​កាប់ ដោយ​ខុស ច្បាប់ លើដី​ក្រុមហ៊ុន ឋិត​ក្នុងភូមិ​ជី​អោក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោក គឹម សំឡេង ព្រះរាជអាជ្ញារង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ ក្រោម​ការ ចាត់​តាំងពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង ខេត្តព្រះវិហារ បាន​ចាត់ ឱ្យ​លោក ដឹកនាំ​កម្លាំងចម្រុះ ចុះមក​អនុវត្ត​សាលក្រម និង​ឆែកឆេរ​ទីតាំង​ដី មួយកន្លែង​នេះ​។ តាម​ដីកាឆែកឆេរ របស់​អយ្យការ អម​សាលាដំបូង​លេខ ៥៩៣​អយ ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ស្ថិតក្នុង បរិវេណ​ក្រុមហ៊ុនចំការកៅស៊ូ មេគង្គ ខូ​អិ​ល​ធី​ឌី ។ ករណីនេះ បុគ្គល​ឈ្មោះ ជា ឆេង​គន បាន​រំលោភ​យក​ដី​ក្រុមហ៊ុន ជាង ២០ ហិកតា មកកាន់​កាប់ ដោយ​ខុសច្បាប់ កន្លងទៅ​។ នេះ​បើ​យោងតាម​អំណាច​សាលក្រម​ព្រហ្ម​ទ័​ណ្ឌ សាលាដំបូង ខេត្តព្រះវិហារ លេខ ០២​ក ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​។​

​សូមបញ្ជាក់ថា ពេល​សមត្ថកិច្ច ចុះទៅ​អនុវត្ត​សាលក្រម ទីតាំង​ជាក់ស្ដែង​នោះ មនុស្ស ចំនួន បីនាក់ ដែល​គេ​សង្ស័យថា គឺជា​អ្នកយាម​ដី ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ ជាមួយ​នោះ ឈើ​ប្រភេទ​លេខ​១ ត្រ​សេក យកទៅ​រក្សាទុក​នៅ​ផ្នែក រដ្ឋបាល ព្រៃឈើ​រៀង​។ រីឯ​ម្ចាស់​ដី​ពាក់ព័ន្ធ ក្នុង​សំណុំ រឿង រំលោភ​យក​ដី​ក្រុមហ៊ុន គឺ​ឈ្មោះ ជា ឆេង​គន គេចខ្លួនបាត់​៕/V​-PC