ដោយ: ពៅនិមល/ភ្នំពេញ: ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក រុន អ៊ីតេស( Ron Estes) និងលោកស្រី ខារ៉ូល មីល័ ( Carol Miller) សមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។
នៅលើផេករបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានជម្រាបអំពីសមិទ្ធផលថ្មីៗ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកំពុងចរចាជាមួយដៃគូផ្សេងៗទៀត ថែមទាំងជម្រាបជូននូវការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ដ៏មានប្រសិទ្ធភាព ក៏ដូចជាអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មី និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះ ភាគីអាម៉េរិក បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្ត្រីកម្ពុជាទាំងពីររូប បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕