​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ឧសភា បាន​ប្រកាស​ថា​លោក​នឹង​តែងតាំង​ជំនួយការ​សន្តិសុខ​ជាតិ​កំពូល​ម្នាក់​របស់លោក​ជា​ឯកអគ្គរដ្ឋទូត​​ប្រចាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​គោលបំណង​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​បាល​របស់​លោក​ចំពោះ​តំបន់​ប៉ាស៊ីហ្វិក​។​

​លោកបៃ​ដិនបាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​គាត់​ក្នុង​ការតែងតាំង​លោក យូ​ហាន​ណេ​ស អា​ប្រា​ហាំ (Yohannes Abraham) នាយសេនាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​ដើម្បី​​ធ្វើជា​តំណាង​សហរដ្ឋ​អាម៉េរិក​នៃ​ប្លុក​ប្រទេស​ចំនួន​១០ នេះ ខណៈ​រូប​លោក​បិទ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន ដែល​បាន​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់ “​កិច្ចប្រជុំ​កំពូល​ពិសេស​” រយៈពេល​ពីរ​ថ្ងៃ​។​

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​លោកបៃ​ដិន​ក្នុងការ​សង្កត់ធ្ងន់កា​ន់តែ​ខ្លាំង​លើ​តំបន់​ប៉ាស៊ីហ្វិក​ត្រូវបាន​បាំងបិទ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដោយ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​ជាមួយនឹង​ការតែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាស៊ាន ដែល​បច្ចុប្បន្ន​សហរដ្ឋ​អាម៉េរិក​ត្រូវបាន​តំណាង​ដោយ​ភារធារី ប្រធានាធិបតីបៃដិ​ន​កំពុង​ព្យាយាម​ផ្ញើ​សារថាគា​ត់ពិត​ជាយក​ចិត្ត​ទុកដាក់​ក្នុងការ​​ស្តារឡើងវិញ​នូវ​គោលនយោបាយ​ការបរទេស​របស់​អាម៉េរិក​ដើម្បី​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​អាស៊ី​និង​ពង្រឹង​តួនាទី​របស់​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជា​ទម្ងន់​ទប់ទល់​នឹង​ការកើនឡើង​ឥទ្ធិ​​ពល​យ៉ាង​ឆាប់រហ័ស​របស់​ចិន​នៅក្នុង​តំបន់​។​

​លោកបៃ​ដិនបាន​ពណ៌នា​លោកអា​ប្រា​ហាំ​ជា​ទីប្រឹក្សា​ជិតស្និទ្ធ​បំផុត​ម្នាក់​របស់លោក​។​

​លោកបៃ​ដិនបាន​និយាយ​កំប្លែង​លេង​ជាមួយ​មេដឹកនាំ​អាស៊ាន​អំពី​លោក​អា​ប្រាហាំថា “​ខ្ញុំ​មាន​ការព្រួយបារម្ភ​បន្តិច​ដែរ​ក្នុង​ការបញ្ជូន​គាត់​ទៅ ព្រោះ​គាត់​ដឹង​ពី​របៀប​ដែល​ខ្ញុំ​គិត​។ គាត់​ដឹង​ច្រើន​អំពី​ខ្ញុំ​។ ប៉ុន្តែ​និយាយ​លេង​ទេ ខ្ញុំ​គិតថា​អ្នកនឹង​យល់ឃើញថា​គាត់​មានចំណេះដឹង​ពេញលេញ ហើយ​គាត់​និយាយ​ជំនួស​ខ្ញុំ​និង​និយាយ​សម្រាប់​រដ្ឋបាល​របស់​ខ្ញុំ​”៕

លោកបៃ​ដិន​តែងតាំង​លោកអាប្រា​ហាំ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាស៊ាន​