ដោយៈ​សុ​ក្ខា​រិ​ន​/​ពោធិ៍សាត់ៈ បុរស​ម្នាក់​ត្រូវបាន​គោ​ជល់​ដួលផ្កាប់មុខស្លាប់​ក្នុង​ទឹកស្រែ ​ខណៈ​ដឹក​យកទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ​នៅ​ថ្ងៃ​១៣ ខែឧសភា ឆ្នាំ​២០២២​នេះ ។​

​អធិការ​នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០២២​នេះ​ថា មេភូមិ​កោះ​ស្វាយ បាន​រាយការណ៍​តាមរយៈ​ទូរ​សព្ទ​មក​សមត្ថកិច្ច​ថា​មាន​ករណី​មនុស្ស​ដួល​ស្លាប់​នៅ​វាលស្រែ​នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ​កោះ​ស្វាយ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ទើប​លោក​បានអោយ​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​សហការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​លោ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ពិនិត្យ និង​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ​ឃើញថា​សាកសព ឈ្មោះ ពេជ្រ ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្វាយ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។​

​តាម​ការបំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផន ឡាយ អាយុ​៥២​ឆ្នាំ ថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់ ប្តី​របស់គាត់​បាន​ទៅ​ដឹក​មេគោ​ទើបនឹង​កូន​រួច យកទៅ​ចង​នៅ​ខាងក្រោយ​ផ្ទះ​ឈាង​ខាងជើង​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ​។ លុះដល់​ម៉ោង​ប្រហែល​៣​រសៀល​បាត់​ប្តី​មិនឃើញ​ដឹក​មេគោ​ត្រឡប់មកផ្ទះ ក៏បាន​ទៅតាម​រក​ប្ដី​នៅ​កន្លែង​ចង​គោ​ពេលទៅដល់​កន្លែង​ចង​គោ​ឃើញ​ប្ដី​ដួល​ផ្កាប់មុខ​ក្នុង​ស្រែ​ក្បែរ​ចំណង​គោ ដោយ​ក្នុង​ស្រែ​មានទឹក​ជម្រៅ​ប្រហែល ១.៥ ស​.​ម ស្លាប់​បាត់ទៅហើយ​។

​តាម​កោ​ល​សល់​វិ​ច្ឆ័​យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ក្រុមគ្រូពេទ្យ​របស់​មន្ទី​ពេទ្យ​ខេត្ត​បញ្ជាក់ថា​សព​ជនរងគ្រោះ​រង​ការប៉ះទង្គិច​នឹង​វត្ថុ​រឹង មុខ​ទាល​ចំ​ត្រង់​ត្រចៀក​ខាងស្ដាំ​បណ្តាលអោយ​ដួល​ផ្កាប់មុខ​ទៅនឹង​ទឹក​ស្រែ​បណ្ដាល​ថប់ដង្ហើម​ហើយ​ស្លាប់​តែម្តង​។​

​ក្រោយ​ការពិនិត្យ​រួចរាល់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លូ​សែន​ជ័យ​បានធ្វើ​កំណត់ហេតុ​រួចរាល់ និង​បានប្រគល់​សាកសព​ឱ្យ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​