​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1139
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុង​សប្តាហ៍​នេះ​គិតពី​ថ្ងៃទី​១០ ខែមិថុនា ដល់​ថ្ងៃទី​១៦ ខែមិថុនា មាន​ព្រឹត្តិការណ៍​ជាច្រើន​បានកើត​ឡើង ក្នុងនោះ ព្រឹត្តិការណ៍​ជាតិ​លេចធ្លោ​ជាងគេ គឺ​ការសម្រេច​របស់​សហរ​ដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស ហ៊ីង ប៊ុន​ហៀ​ង ដោយ​មិន​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យសម្បត្តិ​របស់លោក​។ ក៏ប៉ុន្តែ​ជា​ប្រតិកម្ម​តប ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ក្រសួងការបរទេស ជាដើម បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ថ្កោលទោស​អាមេរិក រីឯ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បានប្រកាសថា លោក​មិនមាន​លុយ ឬ​ទ្រព្យសម្បត្តិ​ទុក​នៅ​អាមេរិក​នោះទេ​។​

.​កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី ស្រី​ម៉ា​ទី នី​ម៉ា​ឡា ស៊ីថា​រ៉ា​ម៉ាន (Shrimati Nirmati Sitharman) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឥណ្ឌា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី​១០ រហូតដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។ ពិធី​ទទួល​ស្វាគមន៍​លោកស្រី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កម្ពុជា រៀបចំឡើង នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១១​មិថុនា​។​

.​ចំណែក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១១​មិថុនា បាន​អញ្ជើញ​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​ជាង ២៤៨ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តកំពង់ចាម កំពង់ធំ និង​ខេត្តសៀមរាប​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ បានប្រកាស​គម្រោង​សាងសង់​ផ្លូវជាតិ ៣ ខ្សែ បន្ថែមទៀត ក្នុងនោះ ខ្សែ​ទី​១ ភ្ជាប់​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តកំពង់ឆ្នាំង ឆ្លងកាត់​ទន្លេសាប រីឯ​ខ្សែ​ទី​ពីរ​ភ្ជាប់​ពី​ខេត្តកំពង់ធំ ទៅកាន់​ខេត្តក្រចេះ និង​ខ្សែ​ទី​៣ ភ្ជាប់​ពី​ខេត្តកោះកុង ឆ្លងកាត់​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ សូម​ឲ្យ​មហាជន ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បញ្ឈប់​លើកឡើង​ពី​រឿង​ពោត​ស្ងោរ ដែលជា​រឿងអាស្រូវ​ស្នេហា​ផ្លូវភេទ រវាង​អតីត​ព្រះសង្ឃ និង​ស្ត្រី​វ័យក្មេង​ម្នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។​

.​សេចក្ដីព្រាងច្បាប់ ស្ដីពី សញ្ជាតិ ត្រូវបាន​កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា ប្រជុំពិភាក្សា ពិនិត្យ និង​អនុម័ត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​។ ច្បាប់​សញ្ជាតិ​ថ្មី​នេះ ដើម្បី​ជំនួស​ច្បាប់​ស្ដីពី​សញ្ជាតិ កាលពី​ឆ្នាំ​១៩៩៦​។ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​អះអាងថា ច្បាប់​សញ្ជាតិ​ថ្មី​នេះ មិនមែន​ជាការ​បើកដៃ អោយ​ជនបរទេស ងាយ​ចូលសញ្ជាតិ​កម្ពុជា​នោះទេ តែ​ជាការ​រឹតបន្តឹង​ទៅវិញ​។​

.​កាលពី​ថ្ងៃទី​១២​មិថុនា ក្រុមគ្រួសារ​សព​អនុសេនីយ៍ត្រី សួន សំបូរ ដែល​បាន​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នៅក្នុងពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​អង្គការសហប្រជាជាតិ បន្ទាប់ពី​ត្រូវ​រង់ចាំ​អស់​រយៈពេល​ជិត ៣​ឆ្នាំ ដោយសារតែ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ខុស​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​យុទ្ធជន​កម្ពុជា​រូបនេះ ពលី​ជីវិត​។ ការទទួល​ថវិកា​សំណង ៧​ម៉ឺន​ដុល្លារ​នេះ បានកើត​ឡើង បន្ទាប់ពី​មានការ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ពី​ប្រមុខ​ការទូត​កម្ពុជា និង​ប្រធាន​មជ្ឈមណ្ឌល​រក្សា​សន្តិភាព ទៅកាន់​អង្គការសហប្រជាជាតិ​។ គិត​ចាប់ពី​ឆ្នាំ​២០០៦ មកដល់​ខែមិថុនា ឆ្នាំ​២០១៨ កងទ័ព​មួក​ខៀវ​កម្ពុជា ជាង ៥​ពាន់​នាក់ ត្រូវបាន​បញ្ជូនទៅ​ចូលរួម​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ ក្នុងនោះ មាន ៩ នាក់ បាន​ពលី និង​ស្លាប់ ហើយ ១១ នាក់ រងរបួស​។

.​ថ្ងៃទី​១៣ ខែមិថុនា អាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អាមេរិក​ប្រកាស មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​លោក ហ៊ីង ប៊ុន​ហៀ​ង ចូលទៅ​កាន់​សហរដ្ឋអាមេរិក ព្រមទាំង​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម ថែមទៀត​។ ភ្លាមៗ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការបរទេស និង​ក្រសួងការពារជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដោយ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​សហរដ្ឋអាមេរិក ដែល​បានប្រកាស​ដាក់ទណ្ឌកម្ម លើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​។ លោក ហ៊ីង ប៊ុន​ហៀ​ង ក៏បាន​ប្រតិកម្ម ដោយផ្ទាល់​មាត់ និង​ជា​លាយលក្ខណ៍អក្សរ នៅ​ថ្ងៃទី​១៤​មិថុនា ដោយ​លើកឡើងថា លោក​មិនមាន​លុយ ឬ​ទ្រព្យសម្បត្តិ​នៅ​អាមេរិក​ឡើយ​។

.​ថ្ងៃទី​១៤​មិថុនា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដុត​កម្ទេច​ចំណីអាហារ​ខូចគុណភាព​-​ខុសច្បាប់​ដោយមាន​សារធាតុ​គីមី​ជាង ១០០​តោន នៅ​ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា គ្រឿង​ចំណីអាហារ ដែល​កម្ទេចចោល​នាពេលនេះ គឺ​ខូចគុណភាព មាន​សារ ធាតុ​គ​មី ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​ដ្ឋ​។​

.​ថ្ងៃទី​១៣ ខែមិថុនា កម្ពុជា​ត្រូវបាន​សមាជិក​អង្គការសហប្រជាជាតិ បោះឆ្នោត​គាំទ្រ​ឲ្យ​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម ក្រោម​សំឡេងគាំទ្រ ១៨៣ លើ ១៨៨ សំឡេង​។ សំឡេងគាំទ្រ​នេះ គឺ​បានកើត​ចេញពី​ការបោះឆ្នោត​ដ៏​ឱឡារិក ក្នុង​សាល​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្រុង​ញ៉ូ​យ៉​ក កាលពី​ថ្ងៃទី​១៣​មិថុនា​។​

.​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ មិថុនា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេញពី​កម្ពុជា តាម​ជើង​យន្ត​ពិសេស ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ ដែល​ហៅ​កាត់​ថា ACMECS លើក​ទី​៨ និង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម ហៅ​កាត់​ថា CLMV លើក​ទី​៩​។ កិច្ចប្រជុំ​សំខាន់​ទាំងពីរ​នេះ ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែមិថុនា​។​

.​ថ្ងៃទី​១៥ ខែមិថុនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបង្ហាញ​ជូន​ក្រុម​អ្នកសារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​អំពី​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត នៅក្នុង​រោង​ពុម្ព​ខ្នាត​ធំ​មួយ ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សន្លឹកឆ្នោត នៅ​ខេត្ត​ចំនួន ១៤ ត្រូវ​ជាជាង ៥០% ត្រូវបាន​អ្នកជំនាញ​បោះពុម្ព​រួចរាល់ ក្នុងចំណោម​សន្លឹកឆ្នោត ដែល​គ្រោង​បោះពុម្ព​សរុប​ចំនួន​ជាង ១០​លាន​សន្លឹក សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

.​ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ចិន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​។ ក្នុងឱកាស​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម្ពុ​ជា នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​យោធា​រួមគ្នា កម្ពុជា​-​ចិន នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​៕ ល​