ដោយ: សោម ប៊ុនថន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ព្រះវិហារ៖​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា រួមមាន អ្នកស្រី គឹម សុវណ្ណ​ដា​នី លោក សោម ប៊ុនថន និង លោក ផាត សិលា បាន​ជួប​ជាមួយ​លោក ចាន់ សុភ​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ និង​លោក ផាន់ សា​ម៉ែន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត ដើម្បី​ពិភាក្សា​លើ​ការងារ​គម្រោង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​សុខភាព​។

នៅ​ថ្ងៃទី​១២ ខែឧសភា ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា រួមមាន អ្នកស្រី គឹម សុវណ្ណ​ដា​នី លោក សោម ប៊ុនថន និង លោក ផាត សិលា បាន​ជួប​ជាមួយ​លោក ចាន់ សុភ​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ និង​លោក ផាន់ សា​ម៉ែន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត ដើម្បី​ពិភាក្សា​លើ​ការងារ​គម្រោង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​សុខភាព​(រូបថតៈមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុង​ឱកាស​នោះដែរ ដោយមាន​ការអនុញ្ញាត​ពី​លោក ចាន់ សុភ​ក្ត្រា និង​លោក ផាន់ សា​ម៉ែន ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ចុះទៅ​ទស្សនកិច្ច​ទីតាំង​ប្រវត្តិសាស្ត្រ​យោធា​ស្ថិតនៅ​ក្នុងភូមិ​តេ​ជោ បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ នៅក្នុង​ថ្ងៃ​ដដែល ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​ជួប​ជាមួយ​លោក វុ​ធ តា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជាំ​ក្សាន្ត និង​លោក យុង ហួន ក្រុមប្រឹក្សា​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​ជម្រាបជូន​អំពី​ការងារ​គម្រោង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការងារ​សុខភាព និង​សុំ​ការអនុញ្ញាត​ដើម្បី​ធ្វើការ​កិច្ចការ​នេះ​។​

​គោលបំណង​នៃ​គម្រោង​ប្រវត្តិសាស្ត្រ​និង​សុខភាព គឺ (១) ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ស្ថានភាព​សុខភាព​របស់​អ្ន​រស់រានមាន ជីវិត​ពី​របប​ខ្មែរក្រហម ទៅតាម​គោលដៅ​ដែល​បានកំណត់ (២) លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​សាធារណៈ និង​ការទទួលបាន​សេវាកម្ម​សុខភាព​សម្រាប់​អ្នក​រស់​រានមាន ជីវិត​ពីរ​បប​ខ្មែរក្រហម និង (៣) ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ជាពិសេស​នៅតាម​សហគមន៍​ដាច់ស្រយាល​សម្រាប់​ផ្តល់​ជា​ព័ត៌មាន ក្នុងការ​រៀបចំ​ជំនួយ​អភិវឌ្ឍន៍​នាពេល​អនាគត​ដល់​ប្រជាជន​និង​សហគមន៍​ទាំងនេះ​។​

​ចាប់​តាំងពីដើម ខែសីហា ឆ្នាំ​២០២១ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានជ្រើសរើស​អ្នកស្ម័គ្រចិត្ត​កម្ពុជា​បួន​ជំនាន​រួចមក ហើយ ដែលមាន​ចំនួន​៩០០​នាក់ បាន​ចុះ​ធ្វើការ​នៅតាម​មូលដ្ឋាន​ទូទាំង​២៥ រាជធានី​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនោះ​មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៥០​នាក់​មកពី​ស្រុក​គូលែន ត្បែងមានជ័យ ជ័យ​សែន ឆែប សង្គម​ថ្មី និង​ស្រុក​រវៀង ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​គម្រោង​សុខភាព និង​ប្រវត្តិសាស្ត្រ​នេះ​។ ក្រុម​អ្នកស្ម័គ្រចិត្ត​នៅក្នុង​ខេត្តព្រះវិហារ បាន​ចុះ​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែលជា​ឪពុកម្តាយ អ៊ំ​ពូ មីង ក៏ដូចជា​អ្នក​ស្រុកភូមិ​របស់ខ្លួន សរុប​ចំនួន​ប្រមាណ ២០០០​នាក់ រួចមកហើយ​។ នៅក្នុង​ខែឧសភា ឆ្នាំ​២០២២ នេះ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បន្ត​ជ្រើសរើស និង​បណ្តុះបណ្តាល​អ្នកស្ម័គ្រចិត្ត​ជំនា​ន់ទី​៥ មកពី​បណ្តា​ខេត្ត​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​។ ចំពោះ​ខេត្តព្រះវិហារ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានកំណត់​យក​ស្រុក​ជាំ​ក្សាន្ត ជា​គោលដៅ​អទិភាព​ដើម្បី​បន្តការងារ ព្រោះ​ប្រជាជន​នៅក្នុង​ស្រុក​នេះ​ភាគច្រើន​រស់នៅ​តំបន់​ដាច់ស្រយាល មាន​ជីវភាព​ក្រីក្រ និង​ត្រូវការ​ចាំបាច់​នូវ​ការថែទាំ​សុខភាព​។

​សូម​រំឭកថា​កាលពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ កន្លងមក ភូមិសាស្ត្រ​មួយចំនួន​ក្នុងស្រុក​ជាំ​ក្សាន្ត ក្នុង​ខេត្តព្រះវិហារ រួមមាន ឃុំ​ជាំ​ក្សាន្ដ ឃុំ​ទឹក​ក្រហម ឃុំ​ព្រីង​ធំ ឃុំ​រំដោះ​ស្រែ ឃុំ​យាង ឃុំ​កន្ទួត ឃុំ​ស្រអែម និង ឃុំ​មរកត ត្រូវបាន​បិទ​ខ្ទប់ និង កំណត់​ស្រុក​ជាំ​ក្សាន្ត ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ដេ​លតា (Delta) ដោយសារ​តំបន់​នេះ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ និង​ឡាវ ។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លោក វុ​ធ ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជាំ​ក្សាន្ត និង​លោក យុង ហួន ក្រុមប្រឹក្សា​ស្រុក​ជាំ​ក្សាន្ត បាន​សម្តែង​ការស្វាគមន៍​ដល់​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​បានជ្រើសរើស​យក​ស្រុក​ជាំ​ក្សាន្ត​ជា​គោលដៅ​ដើម្បី​ចុះ​ស្រាវជ្រាវ​ទាក់ទង​នឹង​ប្រវត្តិ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ជួយ​លើ​ផ្នែក​សុខភាព ព្រោះ​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​កាន់តែ​មាន​វ័យ​ចំណាស់​ទៅហើយ​៕សរន

នៅ​ថ្ងៃទី​១២ ខែឧសភា ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា រួមមាន អ្នកស្រី គឹម សុវណ្ណ​ដា​នី លោក សោម ប៊ុនថន និង លោក ផាត សិលា បាន​ជួប​ជាមួយ​លោក ចាន់ សុភ​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ និង​លោក ផាន់ សា​ម៉ែន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត ដើម្បី​ពិភាក្សា​លើ​ការងារ​គម្រោង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​សុខភាព​(រូបថតៈមជ្ឈមណ្ឌលឯកសារកម្ពុជា)