ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីរថយន្ត បុកពីក្រោយរថយន្ត ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១- ៩២ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ បុរសរងគ្រោះ ដែលបានស្លាប់នោះ មានឈ្មោះ ភឿន វណ្ណា អាយុ ៣៨ ឆ្នាំ រស់នៅភូមិតាំងឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1735 សណ្តោងសឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខ 4A-0041 បើកបរទិសដៅ ពីខាងកើត ទៅខាងលិច មកដល់ចំណុចកើតហេតុ ខាងលើ បានរេចង្កូត មកខាងឆ្វេងដៃ បុកពីក្រោយរថយន្ត ដឹកនំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-2267 អ្នកបើកបរ មិនស្គាល់ អត្តសញ្ញាណ (ចុះរត់គេច) បណ្តាលឱ្យអ្នកបើកបររថយន្ត កុងតឺន័រ កៀបស្លាប់ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី វត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកភ្នំស្រួច រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC