ដោយៈ សុផានីតា / កោះកុង៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal GROUP co.Ltd) បរិច្ចាគថវិកា ២០.០០០ ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរសារទរទិវា ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ។
តាមរយៈ លោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន បាននាំយកថវិកានេះ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមការងារ មនុស្សធម៌ នៅក្នុងខេត្ត ដើម្បីជួយសង្គ្រោះ ដោះស្រាយ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ឬគ្រោះមហន្តរាយផ្សេងៗ។
លោក ម៉ៅ លីណា បានឱ្យដឹងថា រូបលោក ពិតជារីករាយយ៉ាងខ្លាំង រាល់សកម្មភាពរបស់ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងការចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ គ្រាជួបទុក្ខលំបាក ដោយមិនប្រកាន់ និន្នាការនយោបាយ ទាំងកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន។
បន្ទាប់ពីបានទទួលថវិកា លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានសន្យាថា សាខាកាកបាទ ក្រហមខេត្ត នឹងប្រើប្រាស់អំណោយ និងថវិកា ដែលទទួលបានពី អ្នកឧកញ៉ា គិត ម៉េង និងសប្បុរសជនទាំងអស់ ឲ្យចំគោលដៅ និងទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗ ដោយពិត ប្រាកដ។
លោកស្រី មិថុនា ភូថង សម្តែងនូវអំណអរគុណ យ៉ាងជ្រោលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ដែលបានចំណាយថវិកាដ៏ថ្លៃថ្លា ចូលរួម ជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងគោលដៅបន្តផ្តល់សេវា កម្មមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ សហគមន៍ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយ រងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕/V-PC