ប្រែសម្រួលៈបំណង(ST)៖ អង់គ្លេសកាលពីថ្ងៃសុក្រទី១៣ឧសភាបានដាក់ទណ្ឌកម្មលើសមាជិក១២នាក់នៃរង្វង់គ្រួសាររបស់មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន រួមមានមិត្តស្រីរបស់លោកម្នាក់ ដោយចោទប្រកាន់ពួកគេថាលាក់ទុកលុយរាប់ពាន់លានដុល្លារជំនួសអោយលោក។
នាងកាបាអ៊ីវ៉ា ដែលត្រូវបានរដ្ឋាភិបាលលោកខាងលិចអះអាងថាមានកូនបីនាក់ជាមួយពូទីន រងទណ្ឌកម្មពីអង់គ្លេស
ក្នុងបញ្ជីទណ្ឌកម្មរួមមាន អតីតភរិយារបស់ពូទីន លោកស្រីលូតមីឡា អូសេរេតណាយ៉ា(Lyudmila Ocheretnaya )និងនាងអាលីណា កាបាអ៊ីវ៉ា(Alina Kabaeva) អតីតអត្តពលលិកអូឡាំពិចម្នាក់ដែលពួកមន្ត្រីអង់គ្លេសពណ៌នាថាជា«ដៃគូស្នេហ៍បច្ចុប្បន្ន»របស់ពូទីន ព្រមទាំងម្តាយរបស់នាងកាបាអ៊ីវ៉ាលោកស្រី អាន់ណា ហ្សាតសេបលីណា(Anna Zatseplina)។
សហភាពអឺរ៉ុបក៏បានស្នើដាក់ទណ្ឌកម្មលើនាង កាបាអ៊ីវ៉ា ដែលត្រូវបានរដ្ឋាភិបាលលោកខាងលិចអះអាងថាមានកូនយ៉ាងតិចបីនាក់ជាមួយពូទីន។
ទោះជាសហភាពអឺរ៉ុបនិងអង់គ្លេសចាត់ការ ក៏រដ្ឋាភិបាលអាម៉េរិកមិនបានផ្តោតការវាយប្រហារលើនាង កាបាអ៊ីវ៉ា ដោយទំនងខ្លាចថាវានឹងកាន់តែធ្វើអោយមានអារិភាពកាន់តែអាក្រក់ទៅជាមួយលោកពូទីន នេះបើតាមរបាយការណ៍ក្នុងសារព៍ត៌មានអាម៉េរិក the Wall Street Journal។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីហ្ស៍ ត្រាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងស្វែងរកនិងផ្តោតលើបណ្តាញសម្ងាត់របស់ពូទីនដើម្បីបង្ហាញអោយឃើញជីវិតប្រកបដោយប្រណិតភាពរបស់គាត់ហើយរឹតបន្តឹងពួករង្វង់ផ្ទៃក្នុងរបស់គាត់។យើងនឹងបន្តដាក់ទណ្ឌកម្មលើអ្នកដែលជួយនិងសមគំនិតនឹងផែនការឈ្លានពានរបស់ពូទីន រហូតដល់អ៊ុយក្រែនត្រូវបានរំដោះ»។
សេចក្តីថ្លែងការណ៍របស់អង់គ្លេសបាននិយាយថា ប្រាក់ខែនិងទ្រព្យសម្បត្តិផ្លូវការរបស់មេដឹកនាំរុស្ស៊ីរូបនេះខុសគ្នានឹងរបាយការណ៍សារព័ត៌មានដែលបានភ្ជាប់រូបលោកទៅនឹងទ្រព្យសម្បត្តិពាសវាលដែលគេហៅថា”វិមានរបស់ពូទីន” ។«តាមពិតទ្រព្យសម្បត្តិរបស់គាត់បង្កប់ទុកក្នុងបណ្តាញគ្រួសារមួយ មិត្តភ័ក្តិកាលពីក្មេងនិងសមាជិកឥស្សរជនរុស្ស៊ីដែលត្រូវបានតែងតាំងអោយកាន់មុខតំណែងមានឥទ្ធិពល ជាថ្នូរនឹងភាពស្មោះត្រង់ឥតងាករេរបស់គេ»។
មន្ត្រីអង់គ្លេសបាននិយាយថា នាង អាលីណា កាបាអ៊ីវ៉ា ជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយជាតិរុស្ស៊ី។ធនាគាររ៉ូស៊ីយ៉ា(Rossiya)របស់រុស្ស៊ី មានភាគហ៊ុនមួយភាគបីនៃក្រុមសារព័ត៌មាននេះនិងជា«បណ្តាញជាក់ច្បាស់»មួយសំរាប់លុយរបស់ពូទីន។
លោកអ៊ីហ្គ័រ ពូទីន និង លោករ៉ូម៉ាន ពូទីន ដែលជាជីដូនមួយរបស់មេដឹកនាំរុស្ស៊ី ហើយនឹងលោក អាឡេសង់ឌ័រ ផ្លេខូវ(Alexander Plekhov)ដែលជាមិត្តជិតដិតរបស់ពូទីន និងជាប្រធានក្រុមហ៊ុនVital Development Corpក៏ស្ថិតក្រោមទណ្ឌកម្មរបស់អង់គ្លេស។
អង់គ្លេសបាននិយាយថា ខ្លួនឥឡូវដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីជាង១.០០០នាក់ និងអង្គភាពប្រមាណ១០០ រួមមានពួកមហាសេដ្ឋីជាមួយនឹងទ្រព្យជាង១៤០ពាន់លានដុល្លារ ចាប់តាំងពីពូទីនបញ្ជាទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក៕