ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំពេញទីក្រុងចាស់ (Old City)នៃទីក្រុងហ្ស៊េរុយសាឡិមកាលពីថ្ងៃសុក្រទី១៣ឧសភាសម្រាប់ការបញ្ចុះសពអ្នកយកព័ត៌មានជើងចាស់របស់ទូរទស្សន៍ Al Jazeera គឺលោកស្រី ស៊ីរីន អាប៊ូ អាក់ឡេក (Shireen Abu Akleh) បន្ទាប់ពីប៉ូលិសអ៊ីស្រាអែលបង្ក្រាបការចាប់ផ្តើមនៃពិធីបុណ្យសព។
រូបភាពតាមទូរទស្សន៍បានបង្ហាញអ្នកលីក្តារមឈូសពិបាកទប់មឈូសរបស់លោកស្រីអាប៊ូអាក់ឡេកកុំឱ្យរអិលធ្លាក់ដល់ដីខណៈប៉ូលិសប្រដាប់ដោយដំបងបានវាយលើពួកគេនិងចាប់ទាញយកទង់ជាតិប៉ាឡេស្ទីនពីអ្នកកាន់ទុក្ខ។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួន “រងការរំខានយ៉ាងខ្លាំង” ដោយឈុតឆាករបៀបនេះ ខណៈសហភាពអឺរ៉ុបនិយាយថា ខ្លួនតក់ស្លុតចំពោះការប្រើកម្លាំងមិនចាំបាច់។
អឌ្ឍចន្ទក្រហមក្រុងហ្ស៊េរុយសាឡិមនិយាយថា មនុស្ស ៣៣ នាក់បានរងរបួសក្នុងអំឡុងពេលដង្ហែសព ដែលក្នុងនោះប្រាំមួយនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប៉ូលិសអ៊ីស្រាអែលបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សប្រាំមួយនាក់។ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា អ្នកកាន់ទុក្ខបានគប់ដុំថ្មនិងដបកែវ។
នៅតំបន់កាន់កាប់វេសប៊ែង កងកុម្មង់ដូអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការបាញ់ប្រហារថ្មីជាមួយខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅជិតទីក្រុងជេនីន (Jenin)។ ក្រុមជីហាតអ៊ីស្លាមបាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនជាអ្នកទទួលខុសត្រូវ។
អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានធ្វើការស្តីបន្ទោសគ្នាចំពោះការបាញ់សម្លាប់លោកស្រីអាប៊ូអាក់ឡេកក្នុងអំឡុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅទីក្រុងជេនីនកាលពីថ្ងៃពុធ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ការស៊ើបអង្កេតបណ្តោះអាសន្នមួយមិនអាចកំណត់ថាអ្នកណាជាអ្នកបាញ់គ្រាប់កាំភ្លើងដ៏ប្រល័យមួយនេះទេដោយកត់សម្គាល់ថាការបាញ់កាំភ្លើងគ្មានទិសដៅរបស់ប៉ាឡេស្ទីនឬការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលសំដៅទៅលើពួកសកម្មប្រយុទ្ធគឺទំនងជាមូលហេតុបណ្តាលឱ្យស្លាប់អ្នកកាសែត៕
អំពើហិង្សាផ្ទុះឡើងរវាងប៉ូលិសអ៊ីស្រាអែលនិងអ្នកចូលរួមកាន់ទុក្ខអ្នកកាសែត Al Jazeera គឺលោកស្រី ស៊ីរីន អាប៊ូ អាក់ឡេក កាលពីថ្ងៃសុក្រ