ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ការខ្លាចខ្ពស់គឺជាអារម្មណ៍កើតមានខ្លះៗ ខណៈអ្នកទេសចរដំបូងគេបានដើរលើស្ពានយោលថ្មើរជើងវែងបំផុតរបស់ពិភពលោកដែលលាតសន្ធឹងលើជ្រលងភ្នំក្នុងសាធារណរដ្ឋឆែក។
ខណៈដើរចូលទៅជិតស្ពានប្រវែង ៧២១ ម៉ែត្រ ដែលព្យួរលើមេឃកម្ពស់ ៩៥ ម៉ែត្រនៅចំណុចខ្ពស់បំផុតរបស់វានិងបើកជាសាធារណៈកាលពីថ្ងៃសុក្រទី១៣ ឧសភា អ្នកឡើងភ្នំឈ្មោះ មីឃែឡា ក្លេស្ទីឡូវ៉ា (Michaela Klestilova) បាននិយាយថា “យើងមកទីនេះព្រោះយើងចូលចិត្តក្តីរំភើបនៅទីខ្ពស់”។
“យើងមកទីនេះដោយថ្មើរជើង ហើយឥឡូវយើងកំពុងស្វែងរករង្វាន់តបស្នងរបស់យើង”។
មានឈ្មោះថា Sky Bridge 721 វាត្រូវបានសាងសង់ពីរឆ្នាំក្នុងតម្លៃ ២០០ លានក្រោន (៨,៤១ លានដុល្លារ) ហើយត្រូវបានព្យួរដោយខ្សែកាបជំនួយសំខាន់ៗចំនួន ៦ និងខ្សែពួរចំនួន ៦០ ។
វាស្ថិតនៅកម្ពស់ជាង ១.១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងតភ្ជាប់ជួរភ្នំពីរនៅក្នុងតំបន់ភាគឦសានរបស់ប្រទេស ដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពីទីក្រុងប្រាក និងនៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។
ស្ពាននេះគឺវែងជាងស្ពាន Arouca ប្រវែង ៥១៦ ម៉ែត្រក្នុងប្រទេសព័រទុយហ្គាល់ ដែលពីមុនជាស្ពានយោលព្យួរវែងជាងគេលើលោក៕
ស្ពានយោល Sky Bridge 721 ត្រូវបានសាងសង់ពីរឆ្នាំក្នុងតម្លៃ ៨,៤១ លានដុល្លារ