ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ សមាជិក​ថ្មី មកពី​សង្កាត់​បាក់​ខែង និង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ចំនួន​ជាង ១.០០០ នាក់ បាន​ស្ម័គ្រចិត្ត​ចូលមក​រួមរស់ ជីវភាព​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​ពួកគេ បាន​មើលឃើញ ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ល្អប្រសើរ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស មានការ​អភិវឌ្ឍ រីកចំរើន និង​ធ្វើឱ្យ​ប្រទេសជាតិ ស្មើមុខស្មើមាត់ នៅលើ​ឆាក​អន្តរជាតិ​។​

​ពិធី​បញ្ចូល​សមាជិក​ថ្មី ខាងលើនេះ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នេះ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន កម្ពុជា រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជា​ជា​ជនកម្ពុជា រាជធានី​ភ្នំពេញ នៅក្នុង​ឱកាស​នោះ ក៏បាន​លើកឡើង ពី​គុណបំណាច់​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដោយ​សម្តេច បាន​រំដោះប្រទេស ចេញពី​ចំណុចសូន្យ និង​នាំ​ឲ្យ​ប្រទេសជាតិ មាន​សន្តិភាព​ពេញបរិបូរណ៍ មានការ​អភិវឌ្ឍ ប្រទេស រីកចម្រើន​លើ​គ្រប់​វិស័យ មកដល់​សព្វថ្ងៃនេះ និង​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ធូរធា​។​

​សមាជិក​ថ្មី ដែល​ស្ម័គ្រចិត្ត​ចូលមក រួមរស់​ជីវភាព​ជាមួយ គណបក្ស​ប្រជាជន កម្ពុជា ខាងលើនេះ មាន​ចំនួន ១.១០៥ នាក់ មកពី​សង្កាត់​បាក់​ខែង និង​សង្កាត់ កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ៕/V​-PC