ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ វាប្រហែលមិនមែនជាផ្ទាំងគំនូរ Matisse ឬផ្ទាំងគំនូរ Warholទេ ប៉ុន្តែការលក់តម្លៃរាប់លានដុល្លារនៅក្រុមហ៊ុន Christie’sកើតចេញមកពីស្នាដៃវិចិត្រករប្រភេទផ្សេង គឺ មាតាធម្មជាតិ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១២ ឧសភា ក្រុមហ៊ុន Christie’s បានលក់គ្រោងឆ្អឹងពូជដាយណូស័រ Deinonychus Antirrhopusដែលជាប្រភេទសត្វដាយណូស័រគេស្គាល់បំផុតលើពិភពលោកបន្ទាប់ពីការចេញផ្សាយភាពយន្ត Jurassic Park ក្នុងតម្លៃ ១២,៤ លានដុល្លារបូកជាមួយនឹងថ្លៃសេវា ទៅកាន់អ្នកទិញមិនបញ្ចេញឈ្មោះម្នាក់។
ការដេញថ្លៃហ្វូស៊ីលដែលមានតម្លៃខ្ពស់កំពុងមាននិន្នាការកើនឡើង ជាទម្រង់មួយដែលធ្វើឱ្យអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាមួយចំនួនមានការខឹងសម្បា និងបារម្ភថាសំណាកដាយណូស័រអាចនឹងបាត់បង់ពីផ្នែកវិទ្យាសាស្ត្រ ប្រសិនបើពួកវាត្រូវបានទិញដោយបុគ្គលឯកជនជាជាងស្ថាប័នសាធារណៈ។
ក្រុមហ៊ុនដេញថ្លៃ Christie’s បាននិយាយថា ហ្វូស៊ីល ដែលមានរហស្សនាមថា Hector គឺជាការលក់ជាសាធារណៈលើកដំបូងនៃដាយណូស័រពូជ Deinonychusដែលគេស្គាល់ចំពោះក្រញ៉ាំជើងគ្រោះថ្នាក់របស់វា។ តម្លៃលក់គឺខ្ពស់ជាងទ្វេដងនៃតម្លៃដែលក្រុមហ៊ុនប៉ាន់ប្រមាណចំនួន៦លានដុល្លារ។
ប្រភេទសត្វដាយណូស័រភាគច្រើនទំនងជាមិនទទួលបានការចាប់អារម្មណ៍ច្រើនទេ បើមិនមែនដោយសារភាពយន្ត Jurassic Park។ នៅក្នុងរឿងប្រលោមលោកនិងភាពយន្តឆ្នាំ ១៩៩៣ នេះ សត្វដាយណូស័រហៅថា Velociraptor គឺពិតជាដូចដាយណូស័រ Deinonychus។
ក្រុមហ៊ុនដេញថ្លៃបាននិយាយថា សំណាកគ្រោងឆ្អឹងនេះមានឆ្អឹងពិតចំនួន ១២៦ ប៉ុន្តែនៅសេសសល់ទៀតត្រូវបានសាងសង់ឡើងវិញ រួមទាំងលលាដ៍ក្បាលភាគច្រើនផងដែរ៕
គ្រោងឆ្អឹងដាយណូស័រ Hector