ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អាស៊ីខាងត្បូងបានស្ថិតក្នុងរលកកម្តៅខ្លាំងកាលពីថ្ងៃសុក្រ ទី១៣ ឧសភា ដោយផ្នែកខ្លះនៃប្រទេសប៉ាគីស្ថានបានក្តៅឡើងដល់ ៥០ អង្សាសេខណៈមន្ត្រីព្រមានអំពីការខ្វះខាតទឹកធ្ងន់ធ្ងរនិងការគំរាមកំហែងដល់សុខភាព។
ផ្នែកភាគច្រើននៃប្រទេសប៉ាគីស្ថាននិងប្រទេសជិតខាងឥណ្ឌាត្រូវបានវាយប្រហារដោយសីតុណ្ហភាពខ្ពស់ចាប់តាំងពីខែមេសានៅក្នុងអាកាសធាតុធ្ងន់ធ្ងរដែលអង្គការឧតុនិយមពិភពលោកបានព្រមានថាកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។
នាយកដ្ឋានឧតុនិយមប៉ាគីស្ថាន (PMD)បាននិយាយថា កាលពីថ្ងៃសុក្រទីក្រុងចាកូបាបាត (Jacobabad) ក្នុងខេត្តស៊ីន (Sindh)បានឡើងដល់ ៥០ អង្សាសេខណៈការព្យាករណ៍សីតុណ្ហភាពនឹងបន្តឡើងខ្ពស់រហូតដល់ថ្ងៃអាទិត្យ។
កម្មករឈ្មោះ សាហ្វ៊ី ម៉ូហាមម៉ាត់ (Shafi Mohammad)មកពីភូមិមួយនៅជាយក្រុងចាកូបាបាត កន្លែងដែលអ្នកស្រុកជួបការលំបាកក្នុងការស្វែងរកទឹកស្អាតដែលអាចទុកចិត្តបាន បាននិយាយថា “វាដូចជាភ្លើងឆេះនៅជុំវិញនេះយ៉ាងអ៊ីចឹង”។
នៅទូទាំងប្រទេស នាយកដ្ឋានឧតុនិយមបានប្រកាសអាសន្នថាអាកាសធាតុនឹងស្ថិតនៅចន្លោះពី ៦ ទៅ ៩ អង្សាសេលើសពីកម្រិតធម្មតាដោយរដ្ឋធានីអ៊ីស្លាម៉ាបាដក៏ដូចជាមជ្ឈមណ្ឌលនានាក្នុងខេត្តការ៉ាជី ខេត្តឡាហ័រ និងខេត្តប៉េសាវ៉ា បានកត់ត្រាសីតុណ្ហភាពប្រហែល ៤០ អង្សាសេកាលពីថ្ងៃសុក្រ។
លោក ហ្សាហៀ អាម៉ាត់ បាបា (Zaheer Ahmad Babar) ប្រធានអ្នកព្យាករណ៍របស់ PMD បាននិយាយថា “ឆ្នាំនេះយើងបានហក់ចូលពីរដូវរងាទៅរដូវក្តៅភ្លាមតែម្តង”៕
ផ្នែកភាគច្រើននៃប្រទេសប៉ាគីស្ថាននិងប្រទេសជិតខាងឥណ្ឌាត្រូវបានវាយប្រហារដោយសីតុណ្ហភាពខ្ពស់ចាប់តាំងពីខែមេសា