ដោយៈ សុផល / សៀមរាប​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ចុង​សប្តាហ៍​នេះ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការរៀបចំ​ថវិកា​សមិទ្ធកម្ម ជូន​ដល់​មន្ត្រី គ្រប់​អង្គភាព​ថវិកា ថ្នាក់កណ្តាល និង​ថ្នាក់ក្រោម​ជាតិ ប្រមាណ ១៥០ នាក់​។​

​លោក សឿន ប៊ុនលី អគ្គនាយក​ផែនការ និង​គោលនយោបាយ បាន​មានប្រសាសន៍ថាៈ គោលបំណង​នៃ ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្តោត​សំខាន់​ទៅលើ ការបញ្ជ្រាប ការយល់ដឹង និង​បណ្ដុះបណ្ដាល ដល់​គ្រប់​អង្គភាព​ថវិកា ក្រោម​ឱវាទ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​យល់ច្បាស់ អំពី​ការរៀបចំ​ផែនការ​ថវិកា និង​សូចនាករ ឱ្យ​ត្រឹមត្រូវ ទៅតាម​ការណែនាំ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្របតាម​កម្មវិធី​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៤ ស្ដីអំពី​គណនេយ្យភាព​សមិទ្ធកម្ម​៖ ការគ្រប់គ្រង និង​វាយតម្លៃ​លទ្ធផល និង​សមិទ្ធផល​។

​លោក ស៊ឹង សុ​គង់ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្តែង នូវ​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា​៖ សិក្ខាកាម​ទាំងអស់ នឹងចូលរួម​យ៉ាង​ផុសផុល ក្នុងការ សិក្សា​ស្វែងយល់ អំពី​ការរៀបចំ​ផែនការ​ថវិកា ឱ្យ​ស្របតាម​គោលការណ៍​ណែនាំ ស្ដីពី​កា​រៀបចំ​ថវិកា​សមិទ្ធកម្ម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ដើម្បី​ទទួលបាន នូវ​ចំណេះដឹង​ថ្មី​បន្ថែមទៀត សម្រាប់​យកទៅអនុវត្ត ក្នុង​ការងារ​ប្រចាំថ្ងៃ សមស្រប​ទៅ តាម​នីតិវិធី ដើម្បី​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​ផ្សព្វផ្សាយ ឱ្យ​កាន់តែ​ទូលំទូលាយ បន្ថែមទៀត នៅក្នុង​អង្គភាព​របស់ខ្លួន​។​

​សូមបញ្ជាក់​ជូន​ថា កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​កំណត់​ជា ៤ ដំណាក់កាល រួមមាន​៖ ដំណាក់កាល​ទី​១ ការបង្កើន​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា (២០០៤ -២០០៨) ដំណាក់កាល​ទី​២ ការបង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ (២០០៩-២០១៥) ដំណាក់កាល​ទី​៣ «​ការផ្សារភ្ជាប់​ថវិកា ទៅនឹង​គោលនយោបាយ (២០១៦-២០២០) និង​ដំណាក់កាល​ទី​៤ ការបង្កើន​គណនេយ្យភាព​សមិទ្ធកម្ម (២០២១-២០២៥)៕/V​