ដោយ: ពៅនិមល / ភ្នំពេញ: គម្រោង “គ្លីនិកបរិវត្តកម្មឌីជីថល នៃសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” កាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានដាក់ឲ្យដំណើរការ ដើម្បីគាំទ្រ ការធ្វើបរិវត្តកម្មឌីជីថល របស់សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) នៅកម្ពុជា។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថាៈ គម្រោងនេះ ពិតជាមានសារៈសំខាន់ណាស់ រវាងរដ្ឋ និងវិស័យឯកជន តាមរយៈ ការអភិវឌ្ឍជំនាញ និងចំណេះដឹង ក្នុងការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្ម ឆ្ពោះទៅរកពាណិជ្ជកម្ម តាមប្រព័ន្ធឌីជីថល ក្នុងទីផ្សារតំបន់ និងពិភពលោក។
លោកមានសង្ឈឹមជឿជាក់ថាៈ តាមរយៈការអនុវត្តគម្រោងនេះ សហគ្រាសធុនមីក្រូតូច និងមធ្យម នឹងបង្កើតតម្លៃបន្ថែម ដែលនាំឱ្យផលិតផល និងសេវាកម្ម របស់ពួកគេ មានការរីកចម្រើន និងភាពប្រកួតប្រជែង កាន់តែប្រសើរឡើង ទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា គម្រោង “គ្លីនិកបរិវត្តកម្មឌីជីថល នៃសហគ្រាសខ្នាតតូច និងមធ្យម ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ក្រោមការឧបត្ថមថវិកា ដោយមូលនិធិ នៃការកសាង សមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD)។ កម្មវិធីនេះ រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាង Jetro ព្រមទាំងក្រុមប្រឹក្សា ភិបាល សមាជិក សមាជិកា សមាគមប្រមាណ ១០០ នាក់ ៕/V