ដោយ​: សុ​ក្ខា​រិ​ន / ខេត្តពោធិសាត់​: លោក ចេង ឡៃ អភិបាល នៃ​គណៈ​អភិបាល​ស្តីទី​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ដល់​គ្រប់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព រដ្ឋបាល ស្រុក ក្រុង និង អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ខេត្ត ចូលរួម​សហការ​ណ៍ និង​ចែករំលែក​ព័ត៌មាន​សង្គម តាមរយៈ​(​ហ្វេ​ស​ប៊ុ​ក​) ឲ្យ​បាន​ទូលំទូលាយ មាន​តម្លាភាព និង​មាន​ប្រសិទ្ធិភាព​ជូន​ដល់​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

​លោក ចេង ឡៃ អភិបាល​នៃ​គណៈ​អភិបាល​ស្តីទី​ខេត្តពោធិ៍សាត់ បានធ្វើការ​អំពាវនាវ​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១​ឆ្នាំ​ទី​៣​អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្ថិតក្រោម​អធិបតីភាព​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល ខេត្ត ស្រុក ក្រុង នាយក នាយករង​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ថ្នាក់ដឹកនាំ​មន្ទីរ ជុំវិញ​ខេត្ត​។

​កិច្ចប្រជុំ​នេះ​មាន​រៀប​វារៈ​សំខាន់ៗ​រួមមាន ពិនិត្យ​និង​អនុ​ម​ត័​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០​របស់ ក្រុមប្រឹក្សា​ខេត្ត សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែមេសា របស់​រដ្ឋបាលខេត្ត សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ក្រុមប្រឹក្សា​ខេត្ត ការកែសម្រួល​សមាសភាព​ក្រុម​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាលខេត្ត​និង​របាយការណ៍​ន​គណៈកម្មាធិកា​រ​នានា​របស់​ក្រុមប្រឹក្សា​ខេត្ត​។

​លោក ចេង ឡៃ អភិបាល​នៃ​គណៈ​អភិបាល​ស្តីទី​ខេត្ត បាន​លើកឡើងថា កន្លងមកនេះ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត តែងតែ​ចងក្រង និង​ផលិត​ព័ត៌មាន​ជាច្រើន​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​បានល្អ និង​កាន់តែ​ទូលំទូលាយ​មាន​តម្លាភាព និង​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​កោតសរសើរ អំពី​យន្តការ​ដឹកនាំរ​បស់​រដ្ឋបាលខេត្ត​។

​លោក​ថ្លែងថា មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​សាលាខេត្ត​មាន​សមាសភាព​៤​រូប​ដែល​លោក​ចេង ឡៃ អភិបាលរង​ខេត្ត​ជា​ប្រធាន​និង​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ជា​សមាជិក តែងតែបាន​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​លឿន​និង​ឆ្លើយ​ទៅដល់​សាធារណៈជន​ទាំង​ក្នុង​ខេត្ត ក្រៅ​ខេត្ត​និង​ក្រៅប្រទេស ដូចជា​ការរៀបចំ​ឲ្យ​មាន​សន្និសីទ ការសរសេរ​អត្ថបទ រាយការណ៍​តាមរយៈ​ទូរស័ព្ទ​ឬ​លាយ​លក្ខ​អក្សរ​និង​ចុះ ធ្វើការ​សិក្សា​ស្រាវជ្រាវ ស្វះ ស្វែងរក​ប្រភពព័ត៌មាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ជាប់​ជាប្រចាំ​។​

​ទោះជា​យ៉ាងនេះ​ក៏ដោយ​អ្នកព័ត៌មាន​តែងតែ​ជួប​បញ្ហា​ប្រឈម​ក្នុងការ ស្វែងរក​ប្រភពព័ត៌មាន ដូចនេះ​សូម​ឲ្យ​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ត្រូវ​បង្ហាញ​ឲ្យ​បាន​ច្បាស់​និង​សម​ហេតុផល​អំពី​មូលហេតុ​នៃ​ការបដិសេធ​ក្នុងការ​ផ្តល់ព័ត៌មាន​។

​លោក​លើកឡើងថា ដើម្បី​ឲ្យ​មន្ត្រី​ព័ត៌មាន ជា​អ្នកនាំពាក្យ របស់​រដ្ឋបាលខេត្ត​យ​ទទួល​ព័ត៌មាន បាន​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ​និង​ត្រឹមត្រូវ​នោះ ទាំង​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាល​ស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ​និង​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ខេត្ត​ត្រូវមាន​ការទំនាក់ទំនង​និង​ចូលរួម​សហការ​ណ៍ គ្រប់​សកម្មភាព​ព្រមទាំង​ជួយ​ចែករំលែក​បន្ត​អំពី​ព័ត៌មាន​របស់​ខេត្ត​យើង ក្នុង​គោលបំណង​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​ក្តី ទូរទស្សន៍​ក្តី ជាពិសេស​តាម​ព័ត៌មាន​សង្គម​(​ហ្វេ​ស​ប៊ុ​ក​) បាន​ទៅដល់​សាធារណៈជន​ទាំង​ក្នុង​និង​ក្រៅ​ប្រ ទេស​កាន់តែ​ទូលំទូលាយ​។

លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​សម្តែង​នូវ​ការកោតសរសើរ​ទៅដល់​រដ្ឋបាល​ស្រុក ក្រុង មន្ទីរ អង្គភាព​និង កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​ខេត្ត​កាន់​តែមាន​ភាពល្អប្រសើរ​។

​ជាមួយគ្នានេះ​សូម​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​សូម​ឲ្យ​គណៈបញ្ជាការ​ឯកភាព ស្រុក ក្រុង​និង​មន្ទីរ​បន្ត​ខិតខំ​ឲ្យ​ល្អប្រសើរ​អំពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ដែល​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​បានដាក់​ជូន ដូចជា​ការផ្តល់​សេវាសាធារណៈ បង្កា​បង្ក្រាប​បទ ល្មើស​គ្រប់​ប្រភេទ​ដែល​កន្លងមក​ស្នងការ​នគរបាល​ខេត្ត​និង​កម្លាំង​មាន​សមត្ថកិច្ច បានចេញ​ធ្វើ​សកម្មភាព​បង្កា​បង្ក្រាប​បទល្មើស​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​សូម​ឲ្យ​រក្សា​ប្រពៃណី​នេះ បាន​រហូត​ដើម្បី​មាន​សន្តិសុខ​សណ្តាប់​កាន់តែ​ប្រសើរឡើង​៕​