​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ រថយន្ត Ferrari 250 GTO ឆ្នាំ ១៩៦២ គឺ​ជា​រថយន្ត​ថ្លៃ​បំផុត​មិន​ធ្លាប់​លក់​ពីមុនមក​។ កាលណោះ​វា​លក់​ដេញថ្លៃ​បាន ៣៨ លាន​ដុល្លារ​។ ឥឡូវ​យោងតាម​របាយការណ៍​ថ្មី​ពី​វេបសាយ Hagerty កំណត់ត្រា​នោះ​ត្រូវបាន​បំបែក​ទាំងស្រុង​ដោយ​រថយន្ត Mercedes Benz 300 SLR “Silver Arrow” ឆ្នាំ ១៩៥៥ ដែល​លក់បាន​ក្នុងតម្លៃ ១៤២ លាន​ដុល្លារ​។​

​អ្វី​ដែល​មិន​នឹកស្មាន​ដល់​ក្រៅ​ពី​តម្លៃ​ប្រាំបួន​ខ្ទង់​មិន​សម​ហេតុផល​នោះ​គឺ​ថា​រថយន្ត​នេះ​ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន Mercedes ចេញពី​បណ្តុំ​រថយន្ត​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​យោង​តាម​អ្នក​ខាងក្នុង​​ដែល​បាន​និយាយ​ជាមួយ​វេបសាយ Hagerty អ្នក​ប្រមូល​ទិញ​មួយចំនួន​តូច​ដែល​មាន​លុយ​ច្រើន​និង​កោតសរសើរ​ចំពោះ​រថយន្ត Mercedes បែប​បុរាណ ដែល​យល់ព្រម​មិន​លក់​រថយន្ត​នេះ​ឡើងវិញ បាន​ហោះ​ទៅ​កាន់​ទីក្រុង​ស្ទូត​ហ្គាត (Stuttgart) សម្រាប់​ការដេញថ្លៃ​ឯកជន​កាលពី​ថ្ងៃទី ៦ ខែ​ឧសភា​។ នោះ​ជា​កន្លែង​ដែល​រថយន្ត Silver Arrow ត្រូវ​បាន​លក់​ក្នុងតម្លៃ​កប់​ពពក​នេះ​។​

​ឈ្មោះ Silver Arrow ខ្លួន​វា​ផ្ទាល់​ត្រូវបាន​ប្រើ​សម្រាប់​រថយន្ត​ប្រណាំង Mercedes ជាច្រើន​ប្រភេទ​ដែល​បង្កើតឡើង​ទាំង​មុន​និង​ក្រោយ​សង្គ្រាមលោកលើកទី​២​។​រថយន្ត​ដាក់លក់​នេះ​ត្រូវ​គេ​​ជឿ​ថា​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត Coupe ស្រប​ច្បាប់​ចំនួន​ប្រាំបួន​នៃ​រថយន្ត​ប្រភេទ​ស្ព័​រ W196 300 SLRs របស់ Mercedes​។​

W196 គឺ​ជា​រថយន្ត​ជោគជ័យ​បំផុត​មួយ​របស់ Mercedes-Benz គ្រប់​សម័យកាល​។ នៅ​ឆ្នាំ ១៩៥៥ កំណែ​រថយន្ត​ប្រណាំង​នៃ​ប្រភេទ Silver Arrow​បានឈ្នះ​ស្ទើរតែ​គ្រប់​ការប្រកួត​ទាំងអស់​​ដែល​ពួក​វា​ចូលរួម ដោយ​លោក ស្ទើ​លីង ម៉ូ​ស (Stirling Moss) បាន​បើក​វា​ឈ្នះ​នៅ​កម្មវិធី​ប្រកួត Mille Miglia និង Targa Florio ដែល​ចុងក្រោយ​បាន​ធ្វើឱ្យ​រថយន្ត Mercedes ឈ្នះ​ជើងឯក​កីឡា​ប្រណាំង​រថយន្តស្ព័​រ​ពិភពលោក​៕

​រថយន្ត Mercedes Benz 300 SLR “Silver Arrow” ឆ្នាំ ១៩៥៥ លក់បាន​ក្នុងតម្លៃ ១៤២ លាន​ដុល្លារ​កាលពី​ថ្ងៃទី​៦​ឧសភា