ដោយ: ប.ខុន / ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងសង់កាត់ស្ទឹងសង្កែនៅផ្នែកខាងក្រោមស្ថិតក្នុងស្រុក ឯកភ្នំនិងស្រុកសង្កែ ខេត្តបាត់ដំបងដែលបានចាប់ផ្តើមអនុវត្តកាលពីខែមករាឆ្នាំ២០១៩ មកដល់ពេលនេះ (១៤ឧសភា២០២២) សម្រេចលទ្ធផលការងារបានប្រមាណជា៩៧ភាគរយនៃគម្រោងហើយ។
លោកលឹម គានហោ រដ្ឋមន្ត្រីមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមមានប្រសាសន៍នៅក្នុងឱកាសខាងលើថា “គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនគឺ ជាក្តី ស្រមៃរបស់ខ្ញុំ អស់រយ:ពេលជាង៤០ឆ្នាំមកហើយ ដែលខ្ញុំ ចង់ បាន សំណង់ ដូច នេះ ពេលនេះបានក្លាយជាការពិតហើយ នៅក្នុងសម័យតេជោសែនសន្តិភាព។គម្រោងនេះពិតជាមានសារៈសំខាន់និងមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការបម្រើដល់ជីវភាពប្រជាពលរដ្ឋនិងសោភ័ណភាពក្រុងបាត់ដំបង ។”
នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមការងារសាងសង់ ដែលបានខិតខំធ្វើការទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួនក៏ដោយ និងបានណែនាំដល់មន្ទីរធនធានទឹកខេត្តបាត់ដំបង ឱ្យបន្តធ្វើការតាមដាន និងសហការជាមួយអាជ្ញាធរដែនដី ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែងដើម្បីបម្រើជាប្រយោជន៍ដល់ ការងារបង្កបង្កើនផល ផ្តត់ផ្គង់ទឹកប្រើប្រាស់ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០១៩ រហូតដល់ខែឧសភាឆ្នាំ២០២២នេះសម្រេចលទ្ធផលការងារបានប្រមាណជា៩៧ភាគរយហើយ ។
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនជាប្រព័ន្ធធារាសាស្ត្រមួយដែលបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ក្នុងការបិទទ្វារទឹកសំណង់មេស្ទាក់ទឹកស្ទឹង មានទទឹង ៧៥ម៉ែត្រ ដើម្បីស្ទាក់ថែរក្សាទឹកទុកក្នុងស្ទឹងសង្កែនៅផ្នែកខាងក្រោម បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប។
គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួនប្រមាណជា ១១.០០០ហិកតានិងស្រូវប្រាំងចំនួន ៤.៧០០ហិកតា។ផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ដល់ការផលិតទឹកស្អាតនៅស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោលនិងក្រុងបាត់ដំបង។ប្រព័ន្ធធារាសាស្ត្រនេះបានផ្តល់នូវសោភ័ណភាពនិងទាក់ទាញសក្តានុពលទេសចរណ៌ដល់ខេត្តបាត់ដំបងផងដែរ៕