​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ពេលនេះ​លោក បេន ដា​វីដ ជា​ជនជាតិ​អាមេរិក និង​ភរិយា​កូនៗ​មាន​សញ្ជាតិ​អូស្ត្រាលី ដែល​បាន​លៈបង់​យ៉ាងពិត​ប្រាកដ​ប្រកបដោយ​ភាពស្មោះត្រង់ ចំពោះ​បុព្វហេតុ​ធនធានធម្មជាតិ​នៅ​កម្ពុជា បានទទួល​សញ្ជាតិ​ខ្មែរ​ហើយ​បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ផ្តល់​សញ្ជាតិ​ខ្មែរ​រួចមក​។​

​លោក ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​គ្រួសារ​លោក ដា​វីដ បេន នា​រសៀល​/​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នៅ​រដ្ឋបាល​ខេត្តព្រះវិហា​រ​បានឱ្យដឹងថា «​ចាប់តាំងពី​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​នៃ​យើង​ឡាយព្រះហស្ថលេខា​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុមគ្រួសារ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​មក លោក​បេន និង​ក្រុមគ្រួសារ​បានក្លាយ​ជា​ពល​រដ្ឋ​ខ្មែរ និង​មាន​សិទ្ធិ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​»​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ពិតជា​ស័ក្តិសម​បំផុត​ដែល​ក្រុមគ្រួសារ លោក​បេន​ត្រូវ​ទទួលបាន​ព្រោះ​លោក​និង​ក្រុមគ្រួសារ បាន​សុខចិត្ត​ចោលស្រុក​ទេសរ​បស់​ខ្លួន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា​ប្រមាណ ៣០ ឆ្នាំ​មកហើយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ​។

​ជាមួយ​ការ​ថ្លែង​អម​អរសាទរ​ដល់​លោក​បេន និង​ក្រុមគ្រួសារ​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន លោក ទេសរដ្ឋមន្ត្រី មាស សុភា បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​លទ្ធផល​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក បេន និង​ក្រុមគ្រួសារ​ផ្ទាល់​ផង និង​ចេញពី​ការយកចិត្តទុកដាក់រ​បស់​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​របស់លោក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចំពោះ​អ្វី​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​បេន និង​ក្រុមគ្រួសារ និង​ក្រោម​ការយកចិត្តទុកដាក់​របស់​អាជ្ញាធរ​ដែនដី​ជាពិសេស​ពី​អភិបាលខេត្ត អភិបាលស្រុក និង​ភូមិ​ឃុំ​ផងដែរ​»​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​លោក​បេន និង​ក្រុមគ្រួសារ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​សហការគ្នា​ល្អ​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយបាន​កត់សម្គាល់ថា ជាមួយ​ការអប់រំ បំភ្លឺ​ផ្សព្វផ្សាយ​ពន្យល់​នាពេល​កន្លងទៅ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​ពួកគាត់​បាន​ចូលរួម​ក្នុងការ​អភិរក្ស​។​

​ថ្លែង​ក្នុង​ពិធី​នេះដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ «​កម្ពុជា​បានក្លាយ​ជា​ផ្ទះ​របស់​បេន​និង​ក្រុមគ្រួសារ​។ ថ្ងៃនេះ​ជា​ថ្ងៃមួយ​ដ៏​វិសេសវិសាល​សម្រាប់​បេន​និង​ក្រុមគ្រួសារ និង​ក្នុងនាម​ក្រសួងបរិស្ថាន​សូម​គោរព​ដឹងគុណ​និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​លោក​ទាំងពីរ​បានអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​យើងខ្ញុំ​តាម​សំណើ​របស់ លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បានធ្វើ​សំណើ​ទៅ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុមគ្រួសារ​។ សម្តេច​តេ​ជោ​ក៏បាន​ទូលថ្វាយ​ព្រះមហាក្សត្រ ហើយ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​នៃ​យើង​ក៏បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ថ្វាយ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុមគ្រួសារ​»​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ស្រុក​ឃុំ​របស់​ខេត្តព្រះវិហារ​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​។

​លោក រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖«​លោក​បេន​និង​ក្រុមគ្រួសារ​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​បានមក​បំពេញការងារ​នៅ​កម្ពុជា​យូរ​ដែល​បាន​ទ​ទូល​ការលើកទឹកចិត្ត​។ លោក​បេន​និង​ក្រុមគ្រួសារ​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន ក្រសួងបរិស្ថាន ក៏ដូចជា​បាន​ចូលរួម​រដ្ឋបាលខេត្ត​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្តព្រះវិហារ បានធ្វើឱ្យ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្តព្រះវិហារ​កាន់តែ​មាន​ភាពល្អប្រសើរ​»​។

​ដោយឡែក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែងថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​រួម​នឹង​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ទាំងមូល​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការផ្តល់​ស​ញ្ជា​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​លោក​គ្រួសារ​លោក បេន ដាវី​ស និង​សូម​អបអរសាទរ​ជាមួយ​ក្រុមគ្រួសារ​លោក​បេន និង​សូម​ស្វាគមន៍​គ្រួសារ​របស់លោក​រួមរ​ស់​ជាមួយ​បងប្អូន​ខ្មែរ​របស់​យើង​តកូនតចៅ​ក្នុង​ទឹកដី​សុវណ្ណ​ភូមិ​នេះ​ជា​រៀងរហូត​ក្រោម​ម្លប់​សុខសន្តិភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ផងដែរ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​លោក​បេន ក្នុងការ​ការពារ ថែរក្សា​និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​របស់​យើង​គង់វង្ស​និង​ស្ថិតស្ថេរ និង​ដាច់ខាត​ត្រូវតែ​ការពារ​សុខ​សុវត្ថិភាព ក្រុមគ្រួសារ​លោក​បេន​ឱ្យបាន​ល្អប្រសើរ​ផងដែរ មិន​ត្រឹមតែ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​និង​ភ្នំ​ត្នោត​ទេ គឺ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​។

​សូមបញ្ជាក់ថា លោក បេន ដា​វីដ ជា​សញ្ជាតិ​អាម៉េរិក និង​ភរិយា​កូនៗ​មាន​សញ្ជាតិ​អូស្ត្រាលី ក៏​គ្រួសារ​លោក​បេន ពិតជា​ស័ក្តិសម​បំផុត​ក្នុងការ​ទទួលបាន​នូវ​សញ្ជាតិ​ខ្មែរ​ពីព្រោះ​លោក​បេន បានមក​រស់នៅ​និង​បានធ្វើការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ មកម្ល៉េះ ពោលគឺ​តាំងពី​លោក​បេន មាន​អាយុ ២៧ ឆ្នាំ គឺមាន​រយៈពេល​ជិត ៣០​ឆ្នាំ​មកហើយ​។ លោក​បេន បានមក​បំពេញការងា​រ​នៅ​ខេត្តព្រះវិហារ​រយៈពេល ២០ ឆ្នាំ​ហើយ​តាំងពី​ឆ្នាំ ២០០២​។ ស្ថិតក្នុង​រយៈពេល​នេះ លោក​បេន និង​ក្រុមគ្រួសារ​បាន លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា និង​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​បុព្វហេតុ​មនុស្សធម៌​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ការងារ​សង្គម​ផ្សេងៗ និង​ដើម្បី​បុព្វហេតុ​ការពារ​និង​អភិរក្ស​ធនធាន​ព្រៃឈើ​និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន​នៃ​ខេត្តព្រះវិហារ និង​ស្រុក​ជីក្រែង​ខេត្ត​សៀម​។ កាលដែល​រូបលោក​បេន និង​គ្រួសារ​ទទួលបាន​សញ្ជាតិ​ខ្មែរ​ពិតជា​រឿង​ដែល​ត្រឹមត្រូវ និង​សក្តិសម​ជាទីបំផុត​។ គ្រួសារ​លោក​បេន​តែងតែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការស្រឡាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​ជាពិសេស​មានការ​គាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នូវ​រថយន្ត និង​ម៉ូតូ និង​ថវិកា​ផងដែរ​។ ក្រសួងបរិស្ថាន​បានផ្តល់​នូ​ប​ការគាំទ្រ​ថវិកា​បន្ថែម​។

​ក្នុង​ពិធី​នេះដែរ លោក បេន ដាវី​ស តំណាង​ក្រុមគ្រួសារ​របស់ខ្លួន​ដែលមាន​សមាជិក ៤ រូប បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្តល់​ការគាំទ្រ​និង​លោក​ទឹកចិត្ត​លោក​។ លោក​បេន ដាវី​ស បាន​ថ្លែងថា​៖« ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ​ទទួលបាន​សញ្ជាតិ​ខ្មែរ​នេះ​ទេ ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​និង​សូម​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​លើ​យើងខ្ញុំ​។ យើងខ្ញុំ​មាន​ភាពកក់ក្តៅ និង​មានការ​លើកទឹកចិត្ត​យើងខ្ញុំ​និង​ខ្ញុំ​មានការ​សប្បាយចិត្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ក្នុង​កិច្ចការ​អភិវឌ្ឍ និង​បច្ចុប្បន្ន​ក្នុង​កិច្ចការពារ​អភិរក្ស​ព្រៃឈើ​»៕