ដោយ:សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបើកម៉ូតូ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹក។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅចំណុចផ្លូវលំភូមិកាកាប ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះ រិន សេរី អាយុ៤២ឆ្នាំ (ស្លាប់) រស់នៅភូមិត្រពាំងរិន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បុរសនេះ បានជិះម៉ូតូម៉ាក HONDA DREAM C 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A-7456 បើកបរក្នុងល្បឿន លឿន សង្ស័យចាប់ហ្វ្រាំងមិនទាន់ បានធ្លាក់ផ្លូវចូលប្រឡាយទឹក បណ្តាលឲ្យស្លាប់តែម្តង។

ប្រភពបានបន្តទៀតថា: ក្រោយកើតហេតុ មន្ត្រីជំនាញបានទៅពិនិត្យកន្លែងកើតហេតុ តែមិនមានការសង្ស័យ និងពាក់ព័ន្ធ ករណីអ្វី ក្រៅពី គ្រោះថ្នាក់ ដោយខ្លួនឯងនោះទេ។ សពជនរងគ្រោះ និងម៉ូតូ បានប្រគល់ជូន ទៅក្រុមគ្រួសារ ដើម្បីចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី៕/V