​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ​លោក អ៊ិត សំហេង សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើងនៅក្នុង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រមាណ​ជិត​៣.០០០​នាក់ នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ​ថា ដើម្បី​យក​ភាព​ឈ្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ ​សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ក្តាប់ជាប់​យុទ្ធសាស្ត្រ ផ្អែកលើ​អំពើ​ល្អ​របស់​មន្ត្រី​គណបក្ស គុណភាព និង​បរិមាណ​សមាជិក​គណបក្ស​ ។

​ក្នុងឱកាស​នោះដែរ លោក អ៊ិត សំហេង បាន​សម្តែង​នូវ​អំណរគុណ និង​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណបក្ស​គ្រប់លំដាប់​ថ្នាក់ របស់​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។​

​លោក​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​យើង​បានសម្រេច​បាន​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​យើង​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ ធ្វើឱ្យ​យើង​អាច​បើក​ដំណើរការ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​យើង​ឡើងវិញ​៕​