​ប្រែ​សម្រួលៈ​បំណង​(ST)៖ កងកម្លាំង​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​វាយបក​នៅក្បែរ​ទីប្រជុំជន​អ៊ី​ហ្សី​យូ​ម​(Izium)​នៅ​អ៊ុយ​ក្រែន​ខាងកើត នេះ​បើ​តាម​ការបញ្ជាក់​ពី​អភិបាល​ប្រចាំ​តំ​បន់​នេះ​កាលពី​ថ្ងៃ​សៅរ៍​​ទី​១៤​ឧសភា នៅក្នុង​អ្វី​ដែល​បង្ហាញ​អំពី​ការដើរថយក្រោយ​មួយ​សំរាប់​ផែនការ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក្នុង​ការវាយ​ចាប់​យក​តំប​ន់​ដុន​បាស​ទាំងមូលមកកាន់កាប់​។​

​អ៊ុយ​ក្រែន​ចាប់​យក​ទឹក​ដី​នៅ​ភាគ​ឦសាន​ប្រទេស​មក​វិញ​ខ្លះ​

​សូមបញ្ជាក់​ថា ឥឡូវ​កងកម្លាំង​រុស្ស៊ី​ផ្តុំ​កម្លាំង​របស់ខ្លួន​វាយ​យក​ដុន​បា​ស​នៅក្នុង​ការវាយប្រហារ​«​ដំ​ណា​ក់​កាល​ទី​ពីរ​»​ក្រោយ​បរាជ័យ​មិន​អាច​ចូល​​ពី​ភាគ​ខាងជើង​ទៅដល់​ទីក្រុង​គៀវ​នៅ​ប៉ុន្មាន​សប្តាហ៍​​ដំបូង​នៃ​សង្គ្រាម​។​អ៊ុយ​ក្រែន​បាន​ដណ្តើម​បាន​មក​វិញ​ទឹក​ដី​នៅ​ភាគ​ឦសាន ដោយ​រុញ​ពួក​រុស្ស៊ី​អោយចេញ​ឆ្ងាយ​ពី​ទីក្រុង​ធំ​បំផុតទី​ពីរ ខា​គី​វ​(Kharkiv)​។​ដោយ​បន្ត​ដាក់​សម្ពាធ​លើ​ទីប្រជុំជន​អ៊ី​ហ្សី​យូ​ម​និង​​ខ្សែ​ផ្គត់ផ្គង់​របស់​រុស្ស៊ី វា​កាន់តែ​ធ្វើអោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ពិបាក​ឡោមព័ទ្ធ​ទាហាន​អ៊ុយ​ក្រែន​នៅ​រណសិរ្ស​ខាងកើត​នៅ​ដុន​បា​ស​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​លើ​គោលដៅ​យោធា​ជាច្រើន រួម​ទាំង​នៅ​ដុន​បាស ដោយ​សម្លាប់​ពួក​ជាតិនិយម​អ៊ុយ​ក្រែន​យ៉ាងតិច​១០០​នាក់ ទោះជា​យ៉ាងណា​ទី​ភ្នាក់​​ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំ​ការបញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ណាមួយ​បាន​ទេ​។​

​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ស្ថានការណ៍​នៅ​ដុន​បាស​លំបាក​ណាស់ ដោយ​លោក​បន្ថែមថា កងកម្លាំង​រុស្ស៊ី​នៅតែ​ព្យាយាម​សង្គ្រោះ​ជ័យជម្នះ​របស់​គេ​ខ្លះៗ​នៅ​​ទីនោះ​។​«​ពួកគេ​មិន​ឈប់​ការវាយប្រហារ​ទេ​»​។​

​ពួក​អ្នកវិភាគ​លោកខាងលិច​និយាយថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បរាជ័យ​ក្នុង​យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​ដើមដំបូង ដោយ​នាំ​អោយ​បាត់បង់​ពលទាហាន​និង​សម្ភារ​សឹក​សន្ធឹកសន្ធាប់ បូក​រួម​ទាំង​រងទណ្ឌ​​កម្ម​សេដ្ឋកិច្ច​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​ហៅថា G7 បាន​សន្យាថា​នឹង​បង្កើន​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​និង​នយោបាយ​លើ​រុស្ស៊ី ព្រមទាំង​បន្ថែម​ជំនួយ​យោធា​ដល់​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា ការឈ្លានពាន​របស់​រដ្ឋាភិបាល​ទីក្រុ​ង​មូ​ស្គូ ដែល​ខ្លួន​ហៅ​ថា​ប្រតិបត្តិការ​យោធា​ពិសេស​ដើម្បី​កំចាត់​ហ្វាស​ស៊ីនិង​ណា​ស៊ីនិយម​នៅ​អ៊ុ​យក្រែន ហើយ​ដក​អាវុធ​ពី​កងទ័ព​អ៊ុយ​ក្រែន​បាន​ធ្វើអោយ​​កក្រើក​រញ្ជួយ​សន្តិសុខ​អឺរ៉ុប ។​រដ្ឋាភិបាល​ទីក្រុង​គៀវ​និង​សម្ពន្ធមិត្ត​លោកខាងលិច​និយាយថា ការអះអាង​របស់​រុស្ស៊ី​ជា​លេស​គ្មាន​មូលដ្ឋាន​សោះ។

​សង្គ្រាម​នេះ​បណ្តាល​អោយ​ហ្វាំង​ឡ​ង់​បោះបង់​ចោល​គោលជំហរ​អព្យាក្រិត​យោធា​រាប់​ទសវត្សរ៍រ​បស់​ខ្លួន និង​ត្រៀម​សុំចូល​ជា​សមាជិក​សម្ពន្ធភាព​យោធា​ណា​តូ​។​ស៊ុយអែត ត្រូវ​រំពឹងថា​នឹង​ធ្វើ​តាម​ហ្វាំង​ឡ​ង់​ផង​​ដែរ​។​តែ​ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រាប់​ទៅ​សម​ភាគី​ហ្វាំង​ឡ​ង់​ថា វា​ជា​កំហុស​មួយ​ដែល​បោះបង់ចោលជំហរ​អព្យាក្រិតភាព​របស់ខ្លួ​ន ដែល​ចំណាត់ការ​នេះ​នឹង​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​៕

​ទាហាន​អ៊ុយ​ក្រែន​ល្បាត​ក្នុង​ភូមិ​នៅ​ក្រៅ​ក្រុងខា​គី​វ​ក្រោយ​ទាហាន​រុស្ស៊ី​ចាកចេញ​