ដោយៈ គង់ហេង/ កំពង់ចាមៈ ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាមសរុបចំនួន ១.៥៣៣ នាក់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ការចូលរួមនេះបានរៀបចំពិធីប្រកាសបញ្ចូល នៅសួនគ្រញូង នគរបាជ័យ ក្រុងកំពង់ចាមកាលពីព្រឹកថ្ងៃទី ១៥ ឧសភានេះ។

នៅក្នុងពិធីជួបសំណេះសំណាល និងប្រកាសបញ្ជូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ទាំងពីរ សង្កាត់នៅទីតាំងខាងលើ មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម, លោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក សុខ ស៊ីឡូ តំណាងលោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម ព្រទាំងលោក លោកស្រីជាសមាជិកបក្សសរុបចំនួន ២.០០០ នាក់។

នាឱកាសនោះលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាកម្ពុជាខេត្តកំពង់ចាមបានមានប្រសាសន៍ថាៈ សូមសម្តែងមនោសច្ចេតនារីករាយ ក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូល ជាសមាជិកគណបក្សប្រជាកម្ពុជា ក្រោយពីការមើលឃើញ និងជឿជាក់យ៉ាងមុតមាំ លើសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសមានសន្តិភាព និងអភិវឌ្ឍរីកចម្រើន ៕សរន