ដោយ៖តារារិទ្ធ(ភ្នំពេញ) បន្ទាប់ពីបាននិវត្តន៍មកដល់មាតុភូមិវិញនារាត្រីថ្ងៃទី ១៥ ខែ ឧសភា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយគួរឲ្យចាប់អារម្មណ៍ថា៖ «ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើ ដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាៈ«នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់ ។ យប់ថ្ងៃ ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែន ឯងហត់ណាស់ខិតខំសម្រាកឱយបានច្រើន) ។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មក
វិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ ។

ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់ មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល) ។ ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអា លោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕