ដោយ៖ ដេប៉ូ / ព្រះវិហារ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា: ក្នុងយុទ្ធនា ការ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា បានធ្វើឱ្យពលរដ្ឋ ជ្រួតជ្រាប និងពិសេសក្រុមជនល្មើស ដែលជួញដូរសត្វព្រៃ ធ្លាប់ តែបើកចំហខ្លះ លាក់លៀមខ្លះ បានលែងហ៊ានចេញមក ដោយចំហដូចមុនបន្តទៀត។ ការថ្លែងរបស់លោករដ្ឋលេខាធិការ បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ខេត្តព្រះវិហារ ជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែង ក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ ការពារធម្មជាតិ កម្ពុជា ដែលផ្តួចផ្តើមគំនិត និងដឹកនាំ ដោយក្រសួងបរិស្ថាន និងមានការចូលរួម ពីអង្គការដៃគូអភិរក្សនានា។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅទីស្នាក់ការដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា: តាមរយៈការផ្សព្វផ្សាយ អប់រំ និងក៏ដូចជា ការអនុវត្តច្បាប់ បានធ្វើឱ្យខេត្តមួយចំនួន ប្រែក្លាយលក់សត្វព្រៃ ដោយចំហ ទៅជាលួចលាក់ ហើយតំបន់មួយចំនួន ដូចជានៅខេត្តកំពង់ស្ពឺ ដែលធ្លាប់លក់ ជាសាធារណៈ ឥឡូវ ឈប់លក់ ជាសាធារណៈទៀតហើយ និងបើមាន ក៏លួចលាក់អាថ៌កំបាំងវិញដែរ។

លោកបានឱ្យដឹងទៀតថា: យើងមិនអាច បឈ្ឈប់សកម្មភាព ក្នុងរយៈពេលដ៏ខ្លី បានទេ ប៉ុន្តែយើងត្រូវអប់រំផ្សព្វផ្សាយ ណែនាំ និងអនុវត្តច្បាប់ ហើយព្រមជាមួយគ្នា ការអប់រំ មិនឱ្យបរិភោគសាច់សត្វព្រៃនោះ  យើងនឹងទទួលបានលទ្ធផល នៅថ្ងៃខាង មុខវិញ។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ថា: ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យ រយៈពេល ៦ ខែ ក្នុងខេត្ត ៦ ភាគខាងកើត ទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើ ដោយក្រសួង​បរិស្ថាន និងអង្គការដៃគូ ដែលសហការ ក្នុងការងារអភិរក្ស។ យុទ្ធនាការដែលមន្ត្រី ជាន់ខ្ពស់ ក្រសួងបរិស្ថាន មានជំនឿថា នឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋ មួយចំនួន ដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយ បញ្ចប់វិបត្តិ​អន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹម តែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹក សម្រាប់សត្វព្រៃរស់នៅ​នោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាព ដល់សត្វព្រៃ និងជីវៈចម្រុះក្នុងការរស់នៅ។

លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ថា: ការកំណត់យកខេត្ត ៦ នៅភាគខាងកើតនៃកម្ពុជារួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ជាគោលដៅនៃយុទ្ធនាការ ក៏ព្រោះខេត្តទាំង ៦ នេះ មានផ្ទៃដីភាគ​ច្រើន គ្របដណ្តប់ដោយតំបន់ការពារ ធម្មជាតិ ដែលមានវត្តមានព្រៃឈើ និងសត្វព្រៃ និងខេត្តទាំង ៦ នេះ មានសកម្មភាព​លក់សាច់សត្វព្រៃ ដោយខុសច្បាប់ នៅតាមទីផ្សារ និងនៅតាមតំបន់នានា នាពេលកន្លងមក ដែលយើងចាំបាច់​ត្រូវធ្វើការ​អប់រំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជា កែប្រែឥរិយាបថប្រជាពលរដ្ឋមួយចំនួន ដែល​និយម​ហូបសាច់សត្វព្រៃ បញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ សត្វព្រៃ។

លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគម អភិរក្សត្វព្រៃកម្ពុជា WCS តំណាងឱ្យអង្គការដៃគូអភិរក្ស ជាមួយក្រសួងបរិស្ថាន បានថ្លែង ស្វាគមន៍ និងអបអរសាទរគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់ របស់ក្រសួងបរិស្ថាន​ក្នុងការរៀបចំយុទ្ធនាការអន្ទាក់​សូន្យ នៅក្នុងតំបន់ការពារ ធម្មជាតិ ដែលបានដើរតួនាទីសំខាន់ នៅក្នុងការងារអភិរក្សធនធានជីវៈចម្រុះ និងធនធានធម្មជាតិ បញ្ឈប់តម្រូវការសាច់សត្វព្រៃ ក្នុងក្រប ខណ្ឌខេត្ត ក៏ដូចជា ក្នុងក្របខណ្ឌប្រទេសទាំងមូល។ តាមរយៈយុទ្ធនាការនេះ យើង​នឹង​​អាចឈានដល់ ការរៀបចំលិខិតបទដ្ឋានបន្ថែម ដើម្បីកំណត់លើការប្រើប្រាស់អន្ទាក់ សម្រាប់ដាក់សត្វព្រៃ និងជំរុញទៅ​លើការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ ពីផលប៉ះពាល់ ពីការដាក់អន្ទាក់ ក្នុងតំបន់ការពារធម្មជាតិ។

ទាក់ទិនក្នុងរឿងនេះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា:  ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យ​ខ្ពស់ ដោយសារ វិបត្តិ នៃការបរបាញ់ និងការដាក់អន្ទាក់ ដែលបាននិងកំពុងកើតឡើង បណ្តាលមកពីការប្រើប្រាស់ និងជួញ​ដូរសត្វព្រៃ ដោយខុសច្បាប់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូ ក្នុង​វិស័យបរិស្ថាន បានមករួមគ្នា នៅថ្ងៃនេះ ដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅ​ចម្បង​នៃ យុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ ការប្រើអន្ទាក់ គ្រប់ប្រភេទ ក្នុងតំបន់ ការពារធម្មជាតិរបស់កម្ពុជា។ ក្នុងឆ្នាំ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់​ការពារ ធម្មជាតិ ចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុប​ចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញ ពីតំបន់ការពារធម្មជាតិទាំងនេះ។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការទទួលទាន​សាច់សត្វព្រៃ និងជាវផលិតផល ពីសត្វព្រៃដទៃទៀត ជាដាច់ខាត។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានអំពាវនាវ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់និងបង្ក្រាបបទ​ល្មើស នៃការចាប់ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាក​សត្វព្រៃ ដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ ឱ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុក​ដល់មនុស្សរាប់ជំនាន់ទៀត»៕/V