​ប្រែ​សម្រួលៈ​បំណង​(ST)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ដឹកនាំ​កិច្ចប្រជុំ​គ្រាអាសន្ន​របស់​សមាជិក​ការិយាល័យ​នយោបាយ​និង​បាន​បញ្ជា​អោយប្រើ​យោធា​ដើម្បី​ផ្គត់ផ្គង់​ថ្នាំពេទ្យ​នៅ​​ទីក្រុង​ព្យុងយ៉ាង នៅ​ពេល​ប្រទេស​កំពុង​ប្រយុទ្ធ​ទល់នឹង​ការផ្ទុះកូ​វីដ​១៩​ជា​លើកដំបូង នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​។​

​កូរ៉េ​ខាងជើង​កាលពី​សប្តាហ៍​មុន​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថាខ្លួន​កំពុង​ប្រយុទ្ធ​នឹង​ការផ្ទុះកូ​វីដ​១៩ ដែល​ពួក​អ្នកជំនាញ​ការសម្តែង​ការព្រួយបារម្ភ​ថា វីរុស​នេះ​អាច​បំផ្លាញ​ប្រទេស​មួយ​ដែល​មាន​ការ​​ផ្គត់ផ្គង់​ឳ​សថ​មាន​កំរិត​និង​មិន​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​បាន​និយាយថា ​នៅ​កិច្ច​គ្រា​អាសន្ន​មួយ​របស់​ការិយាល័យ​នយោបាយកាលពី​ថ្ងៃអាទិត្យ លោក​គីម​បាន​រិះគន់​ឥរិយាបទ​ធ្វើ​ការងារ​«​មិន​ទទួលខុសត្រូវ​»​និង​ការ​​រៀបចំ​ក្រុម​ប្រតិបត្តិ​ហើយនឹងវិស័យ​សុខាភិបាល​។​

​សារព័ត៌មាន​ដដែល​បាន​និយាយថា រដ្ឋាភិបាល​បាន​បញ្ជា​អោយ​ចែក​ឳ​សថ​បំរុង​ជាតិ តែ​លោក​គីម​ថា ឳ​សថ​ផ្តល់​ដោយ​រដ្ឋ​មិន​បាន​ទៅ​ដល់​ប្រជាជន​ទាន់ពេល និង​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​ទេ​តាមរយៈ​ឳ​សថ​​ស្ថាន​។​លោក​បាន​បញ្ជា​អោយ​បញ្ជូន​ចេញ​«​កងកម្លាំង​ដ៏​មាន​ឥទ្ធិពល​»​នៃ​ក្រុម​វេជ្ជសាស្ត្រ​យោធា​ភ្លាម​ដើម្បី​ធ្វើអោយ​មាន​ស្ថិរភាព​ការផ្គត់ផ្គង់​ថ្នាំពេទ្យ​នៅ​ទីក្រុង​ព្យុង​យ៉ាង​។​

KCNA​ក៏​បាន​រាយការណ៍​ថា លោក​គីម​បាន​ទៅ​ទស្សនា​បណ្តា​ឳ​សថ​ស្ថាន​នៅ​ក្បែរ​ទន្លេតេដុង​ក្នុងក្រុង​ព្យុងយ៉ាង ដើម្បី​ស្វែងយល់​អំពី​ការ​ផ្គង់​ផ្គង់​និង​ការលក់​ថ្នាំ​។​លោក​បាន​និយាយថា បណ្តា​ឳ​សថ​ស្ថាន​មិន​​ត្រូវបាន​បំពាក់​គ្រឿង​បរិក្ខា​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​មុខងារ​អោយ​រលូន មិន​មាន​តំបន់​ស្តុក​ទុក​ថ្នាំ​គ្រប់គ្រាន់ ហើយ​អ្នកលក់​មិន​ត្រូវបាន​បំពាក់​ដោយ​សម្លៀប​បំពាក់​អនាម័យ​ត្រឹមត្រូវ​។​

​កូរ៉េ​ខាងជើង​បាន​រាយ​ការណ៍​មនុស្ស​ស្លាប់​ជា​ច្រើន​តាំង​ពី​ខ្លួន​បានប្រកាស​ការផ្ទុះ​ជំងឺឆ្លង​រាតត្បាត​នេះ​ជា​លើកដំបូង​។​ប្រទេស​នេះ​បាន​រាយការណ៍​អ្នក​កើតរោគ​ក្តៅខ្លួន​៣៩២.៩២០​នាក់ និង​ស្លាប់​ថ្មី​ចំនួន​​ប្រាំបួន​នាក់ទៀត​កាលពី​ថ្ងៃអាទិត្យ តែ​មិន​បាន​បញ្ជាក់ថា​តើ​មាន​ប៉ុន្មាន​នាក់​ឆ្លង​ឬ​ស្លាប់​ដោយកូវី​ដ​១៩ទេ៕

គីម ដំបូង​បើក​កិច្ចប្រជុំ​គណបក្ស​ពលករ​និង​កាលពី​ថ្ងៃអាទិត្យ​ប្រជុំ​ការិយាល័យ​នយោបាយ​ក្រោយ​ប្រទេស​ផ្ទុះ​កូវី​ដ​១៩

គីម ចុះពិនិត្យឳសថស្ថាននៅក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ