​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អគ្គលេខាធិកា​អង្គការ​ណា​តូ​បាន​និយាយថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ននឹង​មិន​ដំណើរការ​តាម​ផែនការ​ទេ ហើយ​ថា​ការប៉ុនប៉ង​របស់​ខ្លួន​ដើម្បី​ដណ្តើម​យក​តំបន់​ដុន​បាស​ភាគ​ខាងកើត “​បាន​ជាប់គាំង​”​។​

​លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) ក៏​និយាយ​ដែរ​ថា អ៊ុយ​ក្រែន​អាច​ឈ្នះ​សង្គ្រាមនេះ​។​

​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​ប៉ាន់ប្រមាណ​ថា រុស្ស៊ី​បាន​បាត់បង់​កម្លាំង​ប្រយុទ្ធ​ជើងគោក​ប្រហែល​មួយ​ភាគ​បី​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​ក្នុង​ខែ​កុម្ភៈ​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​ត្រូវ​បាន​រារាំង​ដោយ​ការតស៊ូ​ក្រាញននៀល​របស់​អ៊ុយ​ក្រែ​ន​និង​បញ្ហា​ភស្តុភារ​។​

​គោលដៅ​ដំបូង​របស់​រុស្ស៊ី​ទំនង​ត្រូវ​វាយលុក​ទូទាំង​ប្រទេស​និង​ផ្តួលរំលំ​រដ្ឋាភិបាល​អ៊ុ​យក្រែន​។ ផ្ទុយទៅវិញ រុស្ស៊ី​បាន​ដកចេញ​ពី​តំបន់​ជុំវិញ​រដ្ឋធានី​គៀវ បន្ទាប់​ពី​បរាជ័យ​ក្នុងការ​ដណ្តើម​យក​ទីក្រុង​នេះ ហើយ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មេសា​មក​បាន​និង​កំពុង​ផ្តោត​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទៅ​លើ​ខេត្ត​ភាគ​ខាងកើត​ចំនួន​ពីរ​។​

​នៅក្នុង​ទីក្រុង​ធំ​ទី​ពីរ ខា​គី​វ របស់​អ៊ុ​យក្រែន ក្រុមមន្ត្រី​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​ដកចេញ​ពី​ព្រំដែន ហើយ​ថា​អ្នកស្រុក​កំពុង​វិលត្រឡប់​មក​វិញ​។​

​លោក​ស្តូល​ធិន​បឺក​និយាយថា “​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ននឹង​មិន​កើត​ឡើង​ដូចដែល​ទីក្រុង​មូ​ស្គូ​បាន​គ្រោងទុក​នោះទេ​”​។​

“​ពួកគេ​បាន​បរាជ័យ​ក្នុងការ​ដណ្តើម​យក​ទីក្រុង​គៀវ ពួកគេ​កំពុង​ដកថយ​ពី​ជុំវិញ​ទីក្រុង​ខា​គី​វ ការវាយលុក​ដ៏​ធំ​របស់​ពួកគេ​នៅក្នុង​តំបន់​ដុន​បាស​បាន​ជាប់គាំង​។ រុស្ស៊ី​មិនបាន​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទេ​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយ​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​ណា​តូ​។​

​ក្រៅពី​បរាជ័យ​ផ្នែក​យោធា ផលវិបាក​មួយទៀត​នៃ​ការ​លុកលុយ​នោះ​គឺថា រុស្ស៊ី​ទំនងជា​នឹង​ប្រឈមមុខ​នឹង​ការពង្រីក​ខ្លួន​របស់​ណា​តូ ខណៈ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​គ្រោង​នឹង​ចូលរួម​ជា​សមាជិក​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មើលឃើញ​ថា​ណា​តូ​គឺជា​ការគំរាមកំហែង​សន្តិសុខ​ដល់​រុស្ស៊ី ហើយ​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែនជា​ផ្នែក​មួយ​ដើម្បីប​ញ្ឈប់​អ៊ុយ​ក្រែន​ពី​ការចូលរួម​ជាមួយ​ណា​តូ​៕

​កងកម្លាំង​រុស្ស៊ី​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការតស៊ូ​ដ៏​ស្វិតស្វាញ​របស់​អ៊ុ​យក្រែន។ក្នុងរូប រថក្រោះរុស្ស៊ីត្រូវបំផ្លាញដោយកងកម្លាំងអ៊ុក្រែន