ដោយៈ ប.ខុន / ភ្នំពេញៈ ក្នុងដំណើរអញ្ជើញ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីល្ងាច ថ្ងៃទី១៥ ខែឧសភា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចឲ្យក្រុមការងារ កាយកាត់ផ្តាច់ប្រឡាយចារ ដែលកំពុងស្ថិត ក្នុងគម្រោងកំពុងស្តារពង្រីក ដើម្បីបើកផ្លូវទឹក ដែលកំពុងជន់លិចវាលស្រែ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ឱ្យធ្លាក់ចូលបឹងទន្លេសាប បានលឿន។
នៅក្នុងដំណើរដែលមានអមដំណើរ ដោយថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ ជាមួយក្រុមមន្ត្រីបច្ចេកទេស ខាងលើ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃយ៉ាងដូច្នេះ ថាៈ ស្ថានភាពទឹក នាដើមរដូវវស្សា ឆ្នាំ២០២២ ដែលជាឆ្នាំមានភ្លៀងធ្លាក់ឆាប់ជាង និងបរិមាណច្រើនជាង បណ្តាឆ្នាំកន្លងទៅ បានធ្វើឱ្យទំនប់អាងកំពីងពួយ មានបរិមាណទឹក កើនឡើង ៦០ លានម៉ែត្រគូប ស្មើនឹង ៤០ ភាគរយ នៃបរិមាណ ដែលអាចស្តុក ក្នុងអាងដល់ ១៥០ លានម៉ែត្រគូប។
ក្នុងឱកាសខាងលើនេះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ មន្ត្រីបច្ចេកទេស ឱ្យធ្វើការ កែលម្អ នូវចំណុចខ្វះខាត ក្នុងការកសាងគម្រោង ឱ្យធ្វើទំនើបកម្ម លើប្រព័ន្ធធារាសាស្ត្រ អាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងជំរុញការងារសាងសង់ យ៉ាងសកម្ម រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលការងារ បានជាង ៨០ ភាគរយ នៃគម្រោងហើយ។
នៅល្ងាចថ្ងៃដដែល លោករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យជាក់ស្តែង អំពីស្ថានភាពដោះទឹក លិចដីស្រែបងប្អូនប្រជាកសិករ នៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានជន់លិច ដោយបរិមាណទឹកភ្លៀង ធ្លាក់លើសលប់ នៅភាគខាងលើ ដោយបញ្ជា ភ្លាមៗ ឲ្យក្រុមមន្ត្រីប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់ កាយកាត់ផ្តាច់ប្រឡាយចារ ដែលបាននិង កំពុងស្តារពង្រីក ដើម្បីបន្ធូរទឹកដែលកំពុងជន់លិចវាលស្រែ ឱ្យហូរធ្លាក់ចូលទៅ បឹងទន្លេសាបលឿន៕/V