​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​ក្នុងអំឡុងពេល​ទទួល​អាហារ​ថ្ងៃត្រង់​នៅឯ​ព្រះវិហារ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ឧសភា​ដោយ​បាន​​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​មនុស្ស​វ័យ​ចំណាស់​ប្រាំ​នាក់ មុនពេល​ត្រូវ​បាន​បញ្ឈប់​និង​ចាប់ចង​ដោយ​ក្រុម​អ្នក​ទៅ​ព្រះវិហារ​នៅក្នុង​អ្វី​ដែល​មន្ត្រី​តម្រួត​ហៅថា​ជា “​វីរភាព​និង​ភាពក្លាហាន​ដ៏​ពិសេស​”​។

​ក្រុម​មន្ត្រី​នៅ​នាយកដ្ឋាន​តម្រួត​ខណ្ឌ​អូ​រ៉េ​ង​ខោ​ន​ធី (Orange County) បាន​និយាយថា​មនុស្ស​បួន​នាក់​ក្នុងចំណោម​អ្នករងរបួស​ប្រាំ​នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​​អំពើ​ហិង្សា​នៅ​វិហារជេ​ណេវ៉ា​ប្រេ​សប៊ី​ធឺ​រៀន (Geneva Presbyterian) ក្នុង​ទីក្រុង​ឡា​ហ្គូ​ណា​វូដ (Laguna Woods)​។​

​អធិការរង​លោក ជេ​ហ្វ ហាល់​ឡុក (Jeff Hallock) បាន​និយាយថា ជនសង្ស័យ​នៅក្នុង​ការបាញ់ប្រហារ​នេះ ដែល​ជា​បុរស​ជនជាតិ​អាស៊ី​វ័យ​ខ្ទង់ ៦០ ឆ្នាំ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ហើយ​តម្រួត​បាន​​ដកហូត​កាំភ្លើងខ្លី​ចំនួន​ពីរ​ដើម​នៅ​កន្លែងកើតហេតុ​។ លោក​បាន​បន្តថា មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​មិនទាន់​ដឹង​ភ្លាមៗ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​មិន​ជឿ​ថា​ខ្មាន់កាំភ្លើង​រស់នៅក្នុង​សហគមន៍​នោះ​ទេ​។​

​លោក ខា​រី ប្រោ​ន (Carrie Braun) អ្នកនាំពាក្យ​របស់​តម្រួត​បាន​និយាយថា ភាគច្រើន​នៃ​អ្នក​ដែល​នៅ​ខាងក្នុង​ព្រះវិហារ​នៅ​ពេល​នោះ​ត្រូវ​គេ​ជឿ​ថា​មាន​ដើមកំណើត​តៃវ៉ាន់​។​

​ក្រុមមន្ត្រី​បាន​និយាយថា សមាជិក​ចន្លោះ​ពី ៣០ ទៅ ៤០ នាក់​នៃ​ព្រះវិហារ​អៀ​វីន​តៃវ៉ាន់​ប្រេ​សប៊ី​ធឺ​រៀន (Irvine Taiwanese Presbyterian)​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​អាហារ​ថ្ងៃត្រង់​បន្ទាប់ពី​​សូត្រធម៌​ពេលព្រឹក​នៅ​ព្រះវិហារ​ជេ​ណេវ៉ា នៅពេលដែល​ការបាញ់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ភ្លាមៗ​មុន​ម៉ោង ១៖៣០ រសៀល​។ ពេល​តម្រួត​មកដល់ ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​បាន​ចាប់ចង​និង​ឃុំខ្លួន​ខ្មានកាំភ្លើង​​រួចទៅហើយ​។​

​លោក​ហាល់​ឡុក​និយាយថា “​ក្រុម​អ្នក​ទៅ​ព្រះវិហារ​ទាំងនោះ​បាន​បង្ហាញ​នូវ​អ្វី​ដែល​យើង​ជឿ​ថា​ជា​វីរភាព​ពិសេស និង​ភាពក្លាហាន​ក្នុងការ​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ជនសង្ស័យ​។​ពួកគេ​បាន​ទប់ស្កាត់​​ការរង​របួស​និង​ការស្លាប់​បន្ថែមទៀត​ដោយ​ឥត​សង្ស័យ​។ ខ្ញុំ​ហ៊ាន​និយាយថា ប្រសិនបើ​មនុស្ស​មិនបាន​ធ្វើ​អន្តរាគមន៍ វា​អាច​នឹង​អាក្រក់​ជាងនេះទៅទៀត​”៕

​ប៉ូលិស​បិទ​ទីតាំង​ព្រះវិហារ​ជេ​ណេវ៉ា​ប្រេ​សប៊ី​ធឺ​រៀន​កាលពី​ថ្ងៃអាទិត្យ

​ការបាញ់ប្រហារ​នៅ​កាលីហ្វ័រ​ញ៉ា​នេះ​កើតឡើង​ចំ​ពេល​អ្នក​ក្រុង​បា​ហ្វ​ហ្វា​ឡូ ក្នុង​រដ្ឋ​ញូវយ៉ក កាន់​មរណទុក្ខ​ក្រោយ​បុរស​ស្បែក​សម្នាក់​បាញ់​សម្លាប់​មនុស្ស​ដប់​នាក់ ភាគច្រើន​ជា​ជនជាតិ​ស្បែក​ខ្មៅ​នៅ​ហាង​លក់​​គ្រឿងទេស​មួយ ក្នុង​ការវាយប្រហារ​បែប​សម្អប់​ជាតិ​សាសន៍​៕