​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​អង្គការ UNESCO រកឃើញ​ជ័យលាភី​ឆ្នើម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​ដើម្បី​លើកស្ទួយ​បេតិកភណ្ឌ​វប្បធម៌​អរូបី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ។

​ពិធី​ប្រគល់​ពាន​និង​រង្វាន់​នេះ ត្រូវបាន​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានរៀបចំ​ពិធី​ប្រកាស​លទ្ធផល និង​ប្រគល់​រង្វាន់​ជូន​ដល់​បេក្ខជន​ចំនួន​៤​រូប ដែល​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ ដែលជា​គម្រោង​សហការ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​អង្គការ UNESCO​។​

​លោក​បណ្ឌិត ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​នេះ និង លោក សា​ដា អូ​ម៉ា អា​ឡា​ម (Sardar Umar Alam) តំណាង​អង្គការ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត​ជាច្រើនរូប​ទៀត​។

​គម្រោង​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​លើកស្ទួយ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទាំង​ប្រាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ UNESCO មានដូចជា ៖ របាំ​ព្រះរាជ​ទ្រព្យ ឆ្នាំ​២០០៣, ល្ខោន​ស្រមោល​ស្បែក​ធំ ឆ្នាំ​២០០៥, ល្បែង​ទាញព្រ័ត្រ ឆ្នាំ​២០១៥, ចាប៉ីដងវែង ឆ្នាំ​២០១៦ និង​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ឆ្នាំ​២០១៨​។​

​គម្រោង​នេះ​ក៏មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​កម្ពុជា​ជារួម និង​ដោយឡែក​អំពី​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​បាន​ចុះបញ្ជី​រួចហើយ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បង្ហាញ​ទេពកោសល្យ និង​បកស្រាយ​អំពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​។

​ជា​លទ្ធផល បេក្ខជន​ចំនួន​៤​រូប​ទទួលបាន​ជ័យលាភី​ដោយបាន​បង្ហាញ​នូវ​ស្នាដៃ​ឆ្នើម និង​ទេពកោសល្យ​សិល្បៈ​ដ៏​វិសេស​។​
– ជ័យលាភី​លេខ​១ គឺ​និស្សិត ងួន​ឡេង ម៉េង​ក័​ង ផ្នែក​វិចិត្រកម្ម​
– ជ័យលាភី​លេខ​២ គឺ​និស្សិត ច​ន សុវណ្ណ​ឌី ផ្នែក​វិចិត្រកម្ម​
– ជ័យលាភី​លេខ​៣ គឺ​និស្សិត សឿត សុវណ្ណនី ផ្នែក​គំនូរ​សារគមនាគមន៍​
– ជ័យលាភី​លេខ​៣​ស្ទួន គឺ​និស្សិត​បញ្ចប់​ការសិក្សា ឌា ស្ទេ​ផា​នា ផ្នែក​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា​៕​