​ដោយៈ​ដេប៉ូ​/​ព្រះ​វិហារៈ បើ​យើង​បញ្ចប់​នូវ​ការដាក់​អន្ទាក់​សត្វព្រៃ បញ្ចប់​នូវ​ការ​បរបាញ់​សត្វព្រៃ និង​ពិសេស​យើង​នាំគ្នា​មក​ថែរក្សា​ព្រៃឈើ មិន​ត្រឹមតែ​ជួយ​ដល់​វិស័យ​ទេសចរណ៍​កាន់តែ​រីកចម្រើន ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ​ទេ នៅ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ឱ្យមាន​ជីវភាព​ធូរធារ​ប្រសើរឡើង​ថែមទៀត​។​

​ការ​ថ្លែង​ពី​សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋ លេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​បើក «​យុទ្ធនាការ​អន្ទាក់​សូន្យ​» ក្នុង​អនុវិទ្យាល័យ​ត្មាត​ប៉ើយ ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​។​

​លោក រ​ដ្ឋេ​លេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ឱ្យដឹង​បន្ថែមថា ការ​បរបាញ់​ខុសច្បាប់​ចាប់តាំងពី​អតីតកាល​មកដល់​ពេល​បច្ចុប្បន្ន រួមផ្សំ​នឹង​បរិមាណ​អន្ទាក់ បានដាក់​ជាច្រើន​ក្នុងព្រៃ​ធម្មជាតិ ជា​កត្តា​ជំរុញ​ដោយ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ សុទ្ធសឹង​ជា​មូលហេតុ​ចម្បង ដែល​បណ្តាលឱ្យ​សត្វព្រៃ​នៅ​កម្ពុជា​ប្រឈមមុខ​នឹង​ការបាត់បង់ ជាពិសេស​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម​ដែល​រកស៊ី​លើដី​ជា​ផ្នែក​មួយ​នៃ​ការប្រឈមមុខ​ខ្លាំង​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា នេះ​ជា​ពេលវេលា​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ រួមសហការ​គ្នា​ចាត់វិធានការ​អភិរក្ស​បន្ទាន់ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ចូលរួម​ទប់ស្កាត់​កត្ដា​គំរាមកំហែង​ចម្បងៗ​ទាំងនេះ ជាពិសេស​ពី​កត្តា​អន្ទាក់​គ្រប់​ប្រភេទ កាំភ្លើង​កែច្នៃ និង​សត្វ​សុនខ ថ្នាំពុល​គ្រប់​ប្រភេទ​។

​គួរ​បញ្ជាក់ថា​ក្រសួងបរិស្ថាន និង​ដៃគូ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា និង​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​រៀបចំឡើង​នូវ​វិធានការ​អភិរក្ស​ខ្លាំងក្លា​ជាង​មុន ដើម្បី​កាត់បន្ថយ​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ តាមរយៈ​​ពង្រឹង​ការអនុវត្ត​ច្បាប់ ការអប់រំ​ណែនាំ ការទប់ស្កាត់​ការលក់ដូរ​ឧបករណ៍​មួយចំនួន​ដែលជា​វត្ថុ​ធាតុ នាំ​ដែល​អាច​យកមកប្រើ​ប្រាស់ និង​កែច្នៃ​ជា​អន្ទាក់ និង​អាវុធ​ដ៏​គ្រោះថ្នាក់​សម្រាប់​មនុស្ស និង​សត្វ​។

​ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧០ មក ស្ថានភាព​ដ៏​អាក្រក់​នៃ​ការធ្លាក់ចុះ​ជីវៈចម្រុះ មិនបាន​កើតឡើង តែ​ក្នុងប្រទេស​កម្ពុជា​នោះទេ គឺ​ចំនួន​សត្វព្រៃ​នៅលើ​សកលលោក​ទាំង​សត្វ​រស់នៅ​លើដី និង​ក្នុង​ទឹក ក៏បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​រហូតដល់ ៦៨% ជា​មធ្យម​។ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ជិត ១០ ឆ្នាំ​ចុង​ក្រោយនេះ ជាមួយ​ការបង្កើន​ឡើង​នូវ​ការអនុវត្ត​ច្បាប់ និង​ការអប់រំ​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ ព្រមទាំង​ការអភិរក្ស​ធនធានធម្មជាតិ មាន​ភាព​កាន់តែ​ល្អប្រសើរ ការសិក្សា​បាន​វាយតម្លៃថា ប្រភេទ​សត្វព្រៃ​មួយចំនួន​រក្សាបាន​ស្ថេរភាព ដូចជា​ប្រភេទ​ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ក្តាម និង​ជ្រូកព្រៃ ប្រភេទ​សត្វព្រៃ​ខ្លះ​កើនឡើង​ដូច​សត្វ​ក្ងោក ស្វា​ត្រោស​ជាដើម ប៉ុន្តែ​ប្រភេទ​សត្វព្រៃ​ខ្លះ ជាពិសេស​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ឈ្លូស ក្តាន់ រ​ម៉ាំង​ជាដើម​។ ប្រភេទ​សត្វ​ដើររក​ស៊ី​នៅ​លើដី​ទាំងនេះ មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ប្រឈម​នឹង​ការជាប់​អន្ទាក់​គ្រប់​ប្រភេទ ដែល​ត្រូវបាន​លួច​ដាក់​ក្នុង​តំបន់ការពារធម្មជាតិ និង​ការ​ប្រមាញ់​ដោយ​កាំភ្លើង​កែច្នៃ​ផ្សេងៗ ដោយ​ខុសច្បាប់​។

​ជាមួយគ្នានេះ តាមរយៈ​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ក្រុម​អ្នកស្រាវជ្រាវ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ក៏បាន​រកឃើញ​ប្រភេទ​សត្វ​កម្រ​ផ្សេងទៀត ដែល​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា តែ​ពុំទាន់​មានការ​សិក្សា​ពី​ចំនួន​ប្រជាសាស្ត្រ​របស់​វា​នៅឡើយ​ដូចជា​ឈ្លូស​យក្ស ខ្លារខិន ខ្លា​ពពក ខ្លា​លឿង​មាស ឆ្កែចចក ឆ្កែព្រៃ ជ្រូកពោន​ជាដើម​៕​